ចៅក្រមស៊ើបសួរបញ្ជាចាប់ខ្លួន សម រង្ស៊ី
ចៅក្រមស៊ើបសូរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចាប់ខ្លួនលោកសមរង្ស៊ីដែលរងការ ចោទប្រកាន់ពីបទ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ លោកសមរង្ស៊ី បាន ប្រើប្រាស់ពាក្យ«អាយ៉ង និងចំណាប់ ខ្មាំង» មកលើព្រះមហាក្សត្រខ្មែរ ក្នុងកិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២កញ្ញា។ ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញលោកកែវសុធា បានថ្លែងកាលពីថ្ងៃទី១៣កញ្ញាថា «ពាក្យ សម្តី របស់ទណ្ឌិត សមរង្ស៊ីដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះ ករុណាព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រជារាស្ត្រខ្មែរទូទាំង ព្រះរាជាណា ចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត»។ យោងតាមដីកាបង្គាប់អោយចាប់ខ្លួន ចេញនៅថ្ងៃទី១៦ កញ្ញាឆ្នាំ២០១៩ ដីកាបានបញ្ជាអោយកងកម្លាំងសាធារណៈ អោយស្រាវជ្រាវរកចាប់និងនាំខ្លួនឈ្មោះសមរង្ស៊ី អាយុ៦៩ឆ្នាំ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ដីកាដដែលបានបញ្ជាអោយ ប្រធាន ពន្ធនាគារ ឬមណ្ឌលឃុំខ្លួននៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ អោយទទួលនិងឃុំខ្លួនបុគ្គល សមរង្ស៊ីនេះ និងត្រូវនាំខ្លួនបុគ្គលនេះទៅបង្ហាញមុខដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត។