គ្រួសារយោធិនដែលមានជីវភាពលំបាកខ្វះខាតរស់នៅក្នុងបន្ទាយកងវរសេនាតូចលេខ១ បានទទួលអំណោយពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការីបាន នាំយកអំណោយ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចែកជូនគ្រួសារយោធិនដែលរស់នៅក្នុងទីតាំងបន្ទាយកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២០គ្រួសារ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកពិសាបរិសុទ្ធចំនួ១កេសនិងត្រីខកំប៉ុងចំនួន ១យួរ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់ក្រុមគ្រួសារយោធិន ថែរក្សាសុខភាពអនាម័យ ក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺផ្សេងៗ និងបានណែនាំ ឲ្យបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ គួបផ្សំនិងគោលរបបនិងប្រាក់បៀរវត្ស និងបានពាំនាំការផ្តាំផ្ញើរ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនិងគ្រួសារកងទ័ពនៅទូទាំងប្រទេសពិសេស នៅខេត្តកំពង់ធំយើង ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យក្រុមគ្រួសារយោធិន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវទុក្ខលំបាក បានទាន់ពេលវេលានៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ប៊ុន រដ្ឋា
