បារាំងសន្យាផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន

ប៉ារីស៖ បារាំងនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះបានសន្យាផ្តល់ ប្រព័ន្ធការពារដែនអាកាស ដើម្បីការពារទីក្រុងនានារបស់អ៊ុយក្រែន ពីការវាយប្រហារដោយយន្តហោះដ្រូន ក៏ដូចជាកម្មវិធី បណ្តុះបណ្តាលបន្ថែមសម្រាប់ទាហានអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បាននិយាយថា ទាហានអ៊ុយក្រែនរហូតដល់ ២,០០០នាក់ នឹងត្រូវចូលរួមជាមួយអង្គភាពយោធានៅបារាំង ក្នុងការហ្វឹក ហ្វឺនប្រយុទ្ធ, ការបណ្តុះបណ្តាលជំនាញបន្ថែមទៀត លើផ្នែកដឹក ជញ្ជូន និងតម្រូវការផ្សេងទៀត រួមទាំង ការបណ្តុះបណ្តាល លើឧបករណ៍យោធា ដែលផ្គត់ផ្គង់ដោយ ប្រទេសបារាំង។

លោក Lecornu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីថា ទាហានជំនាន់ថ្មីនឹង ត្រូវហ្វឹកហាត់ ហើយការបណ្តុះបណ្តាល បន្ថែមដែលប្រទេសបារាំងកំពុងផ្តល់ជូននាពេលនេះ គឺជា “ជំហានដ៏សំខាន់មួយ”។ លោករដ្ឋមន្ត្រីបន្តថា អាគុយមីស៊ីលការពារ ដែនអាកាស Crotale ដែលបារាំងកំពុងរៀបចំបញ្ជូនទៅកាន់ អ៊ុយក្រែន នឹងមានប្រយោជន៍ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំង នឹងយន្តហោះដ្រូន ហើយក៏ប្រឆាំងនឹងការទម្លាក់គ្រាប់បែក ពីលើអាកាសផងដែរ។ ប្រទេសបារាំងមានអាគុយចំនួន ១២ តែលោក Lecornu មិនបានបញ្ជាក់ថាតើចំនួនប៉ុន្មាននឹងត្រូវ បញ្ជូនទៅកាន់អ៊ុយក្រែនទេ ប៉ុន្តែបាននិយាយថា វានឹងមាន សារៈសំខាន់ក្នុងការធ្វើឲ្យអ៊ុយក្រែនការពារដែនអាកាសប្រទេសរបស់ពួកគេ។

ប្រមុខការពារជាតិបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា គោលបំណង របស់ទីក្រុងប៉ារីស គឺដើម្បីឱ្យអ៊ុយក្រែនអាចដាក់ពង្រាយពួកវា ក្នុងរយៈពេលពីរខែទៀត ដែលរួមបញ្ចូលទាំងពេលវេលាហ្វឹកហាត់ ដល់ យោធាអ៊ុយក្រែនឱ្យប្រើប្រាស់ពួកវា៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner