អង់គ្លេស៖ សមាជិកសភានឹងព្យាយាមដកលោកស្រី ត្រាស់ ពីតំណែងនាយករដ្ឋមន្រ្តី នៅសប្តាហ៍នេះ
អង់គ្លេស៖កាសែត Daily Mail បានរាយការណ៍កាលពីចុងសប្ដាហ៍នេះថា សមាជិកសភាអង់គ្លេសនឹងព្យាយាមបណ្តេញនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីហ្ស ត្រាស់ នៅសប្តាហ៍នេះ បើទោះបីជាមានការព្រមានពី Downing Street ថា វាអាចនឹងធ្វើឱ្យមានការបោះឆ្នោតសកលក៏ដោយ។
កាសែតបានរាយការណ៍ ដោយស្រង់សន្ដីប្រភពមិនបញ្ជេញឈ្មោះថា សមាជិកសភាជាង ១០០ នាក់ មកពីគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាច បានត្រៀមខ្លួនរួចរាល់ហើយដើម្បីដាក់លិខិតដកសេចក្ដីទុកចិត្តពីលោកស្រី ត្រាស់ ទៅកាន់លោក Graham Brady ដែលជាប្រធានគណៈកម្មាធិការរបស់គណបក្សអភិរក្ស ដែលរៀបចំការប្រកួតប្រជែងរកអ្នកដឹកនាំក្នុងបក្ស។
Daily Mail បានបន្តថា សមាជិកសភានឹងជំរុញឱ្យលោក Brady ប្រាប់លោកស្រី ត្រាស់ ថា ពេលវេលារបស់លោកស្រីជានាយករដ្ឋមន្រ្តីគឺអស់ហើយ ឬឱ្យលោក Brady ផ្លាស់ប្តូរច្បាប់នៃគណបក្សនយោបាយ ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតភ្លាមៗលើការដឹកនាំរបស់លោកស្រី។
ប៉ុន្តែកាសែតដដែលបានផ្សាយទៀតថា លោក Brady នៅតែមិនយល់ព្រមនឹងការចង់បាននេះ ដោយលើកហេតុផលថា លោកស្រី ត្រាស់ រួមជាមួយនឹងលោកអធិការបតី Jeremy Hunt ដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី ទើបនឹងតែងតាំងកាលពីថ្ងៃសុក្រ សមនឹងទទួលបានឱកាសក្នុងការកំណត់យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅថ្ងៃទី ៣១ ខែតុលា។
ដោយឡែក មានសេចក្ដីរាយការណ៍ផ្សេងទៀតថា សមាជិកសភាមួយចំនួនបានធ្វើការពិភាក្សាសម្ងាត់ស្តីពីការរកមេដឹកនាំថ្មីជំនួសលោកស្រី ត្រាស់។
ជុំវិញបញ្ហានេះ លោក Hunt បានទទូចថា លោកស្រី ត្រាស់ នៅតែទទួលបន្ទុករដ្ឋាភិបាល ហើយជំរុញឱ្យមានបក្សអភិរក្សនិយមមានការរួបរួមគ្នា។ នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មាន BBC ។
លោកស្រី ត្រាស់ ដែលឈ្នះការបោះឆ្នោតក្នុងបក្សអភិរក្សរបស់លោកស្រី ដើម្បីកាន់តំណែងជំនួសលោក ប៊ូរីស ចនសុន កំពុងតែត្រដាបត្រដួសនឹងជីវិតនយោបាយ នៅពេលដែលវិបត្តិសេដ្ឋកិច្ចអង់គ្លេសធ្លាក់ទៅក្នុងកម្រិតធ្ងន់ធ្ងរ ដោយសារតែវិបត្តិហិរញ្ញវត្ថុ អតិផរណា ថាមពល និងតម្លៃនៃការរស់នៅ។ មុនឡើងកាន់តំណែង លោកស្រី ត្រាស់ ធ្លាប់ប្ដេជ្ញាចេញគោលនយោបាយកាត់បន្ថយពន្ធ ប៉ុន្តែដោយសារតែវិបត្តិទាំងអស់នេះ លោកស្រីបានផ្លាស់ប្ដូរផែនការដែលមានទៅវិញ៕
ដោយ៖ហួន ឌីណា ប្រភព៖ Lawmakers will try to oust UK PM Truss this week