សិក្ខាសាលាបូកសរុបលទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំកំណែទម្រង់ការងារវិមជ្ឈការ និងវិសហមជ្ឈការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អង្គភាព ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តម មាស សុផល បានឱ្យដឹងថា ដើម្បីសម្រេចគោលដៅក្រសួងបរិស្ថាន បានសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ បាននិងកំពុងអនុវត្តនូវកំណែវិមជ្ឍការ និងវិសហមជ្ឍការវិស័យបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយដោយចីរភាព ដោយក្រសួងបរិស្ថាន បានផ្ទេរមុខងារជាក់លាក់ និងធនធាន សម្ភារៈ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមអនុក្រឹត្យលេខ ១៨២ អ.ន.ក្រ បក ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល អនុក្រឹត្យលេខ ១៨៣ អ.ន.ក្រ ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ និងអនុក្រឹត្យលេខ១៨៤ អ.ន.ក្រ.បក ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុកចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។

ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ជាពិសេសផ្តោតលើ ការធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានារួមមាន កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថាកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកំណែទម្រង់តាមវិស័យនានា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ សាមិត្ត មានប្រសាសន៍ថា សិក្ខាសាលានេះបានរៀបចំឡើងនៅក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក៏ដូចជាស្របតាមចក្ខុវិស័យរបស់ក្រសួងបរិស្ថានក្នុងការកសាងរដ្ឋបាលទំនើប ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋបាលទំនើប សំដៅដល់ប្រព័ន្ធការងារមួយដែលមានភាពឆ្លើយតប ដំណើរការការងារប្រកបដោយប្រសិទ្ធភាព និងធនធានមនុស្សប្រកបដោយឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួលខុសត្រូវខ្ពស់ មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត និងភាពម្ចាស់ការ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិកា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួមសហការរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ដ៏មានសារសំខាន់នេះឡើង ក៏ដូចជាកិច្ចសហការល្អនាពេលកន្លងមក ក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួងបរិស្ថានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរួមចំណែកធានាប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន សោភ័ណភាពក្រុង ស្រុក និងសុខុមាលភាពសាធារណៈ និងការរស់នៅដោយចីរភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តម ចាយ សាមិត្ត បានបន្ថែមថា ក្រសួងបរិស្ថានបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រងរបស់ក្រសួងក៏ដូចជាបណ្តាអង្គភាពក្រោមឱវាទជាបន្តបន្ទាប់ ព្រមទាំងបានខិតខំកសាងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក៏ដូចជាពង្រឹងសមត្ថភាពមន្ត្រីតាមគ្រប់មធ្យោបាយនិងគ្រប់លទ្ធភាព ដើម្បីចូលរួមចំណែកគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ និងកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាបរិការណ៍តំបន់ និងអន្តរជាតិផងដែរ ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងបានយល់ច្បាស់អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារនិងភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ហើយក្នុងនាមជាមន្ត្រីសាធារណៈ យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យដែលបានដាក់ចេញ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner