សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ ក្នុងនោះរួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតជ័យលាភីនេះ សុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយ ដែលមានអាយុចំណាស់ ហើយបានចូលរួមអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។ និស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៥៦,៣២៦នាក់ នារី ២៥,២៨០នាក់ ត្រូវជា ៤៤.៨ភាគរយ។ អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់, មានឧត្តមភាព, សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។ បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលសនិស្សិតសរុប ១៣,៥២០នាក់ នារី ៨,៤៧៩ នាក់ត្រូវជា ៦២.៧ ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា ៣កម្រិត រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឯកឧត្តម បណ្ឌិតសភារចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Word’s University with Real Impact Ranking) បានសម្រេចផ្តល់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យមានលំដាប់ខ្ពស់ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗលើពិភពលោក ក្នុងកម្មវិធីសិក្សា នារយៈពេល២ឆ្នាំជាប់ៗគ្នានេះ គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងនោះរួមមាន៖ ១) កម្មវិធីបណ្តុះសហគ្រិនភាព, ២) កម្មវិធីបណ្ដុះតម្លៃសីលធម៌សង្គម, ៣) កម្មវិធីគ្រប់គ្រងពេលមានវិបត្តិ, ៤) កម្មវិធីសិក្សាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលបដិវត្តឧស្សាហកម្ម៤.០, និង៥)កម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិត ដែលបាន និងកំពុងផ្តល់នូវគុណវិស័យ និងនវានុវត្តន៍ខ្ពស់ យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដោយឡែកសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយសាកលវិទ្យាល័យដៃគូជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យកំពុងពង្រីកសាខាថ្មីមួយបន្ថែមទៀត នៅលើទីតាំងវាលស្បូវ ទំហំ ០៦ហិកតា ដែលបានទទួលពីក្រសួងអប់រំ យុវជន និងកីឡា ដែលគ្រោងនឹងបើកទទួលនិស្សិតចុះឈ្មោះសិក្សាជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងជំនាញថ្មីៗបន្ថែមទៀត នៅឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ ។

មុនថ្លែងទៅនិស្សិតនៅក្នុងកាសនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ដែលបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូក នៅស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។ សម្តេច ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។ សម្តេច បានមានប្រសាសន៍កោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជា ពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះទេ។

ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកែព័ត៌មានអត្តសញ្ញាណបណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយសម្តេច ក៏បានអំពាវនាវដល់យុវជនដែលត្រូវដល់អាយុបោះឆ្នោត សូមនាំគ្នាទៅចុះឈ្មោះបោះឆ្នោត។ សម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏បានណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរឲ្យបានឆាប់។ សម្តេចតេជោបានទម្លាយថា ការមិនអាចកំណត់ព្រំប្រទល់ដែនខេត្តទាំងពីរ ដោយសារមានអ្នកធំមានដីនៅកន្លែងនោះ មិនចង់ឱ្យមានការកាត់ទៅខេត្តប៉ៃលិន ហើយព្យាយាមបង្កការរាំងស្ទះ ដូច្នេះសម្ដេចសូមឲ្យខេត្តទាំងពីរពន្លឿនការងារនេះឲ្យបានឆាប់។
ជាមួយនេះ សម្តេច ក៏បានព្រមានដែរថា បើចៅហ្វាយខេត្តទាំង២ ពិសេសចៅហ្វាយខេត្តបាត់ដំបង ធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង ។

ថ្លែងពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយដោយទឹកជំនន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ដល់អ្នកពាក់ព័ន្ធអោយពន្លឿនការងារវាយតម្លៃផលប៉ះពាល់ និងផ្តល់ពូជស្រូវជូនកសិករឲ្យបានឆាប់បំផុត ហើយសម្តេចតេជោ ក៏បានផ្តាំដល់មន្ត្រីកសិកម្មទាំងអស់ សូមកុំជិះសេះមើលផ្កា ត្រូវគិតគូរពីការលំបាករបស់ប្រជាកសិករជាធំ ជាពិសេសអំឡុងពេលនៃគ្រោះធម្មជាតិទឹកជំនន់ ដែលប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់នេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលបាននាំជំនួយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាបន្តបន្ទាប់រយៈពេលថ្មីៗនេះ។ សម្តេច ក៏បានណែនាំឱ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយទឹកប្រាក់ជាង ២លានដុល្លារ និងបានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ អោយមានការយោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ ផ្តាំផ្ញើទៅទណ្ឌិតរត់ចោលស្រុក ថា ឱ្យមកចាប់ខ្លួនសម្តេចមក ហើយសម្ដេច ក៏បានប្រកាសដែរថា នឹងប្តូរផ្តាច់កំចាត់ចោលមនោគម ន៍វិជ្ជាជ្រុលនិយម របស់ជនក្បត់បីជំនាន់។ សម្តេច ថា ថ្ងៃទី១២ ខែធ្នូ ខ្ញុំទៅដល់ក្រុងព្រុចសែល ប្រទេស ប៊ែលហ្ស៊ិក សូមអញ្ជើញឲ្យគេមកចាប់ខ្លួនខ្ញុំទៅ។ ជាមួយគ្នានេះ សម្តេច បានផ្តាំទៅគ្រប់គណបក្សនយោបាយដែលជាប់ ពាក់ព័ន្ធ ទណ្ឌិតរត់ ចោលស្រុក នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ការបញ្ជាក់នេះ បន្ទាប់ពីសម្តេច ទទួល បានសេចក្តីថ្លែងការណ៍ និងគម្រោងថ្មី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជោគជ័យរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍ គឺការមិនបានបង់មួយអឺរ៉ូ ប៉ុន្តែ ទណ្ឌិតរូបនេះ ត្រូវបានគេ បកអាក្រាតពីពុតត្បុត និងការនិយាយ មិនពិតប្រាកដ។ សម្តេច ក៏បានហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ ជាតិបីជំនាន់។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា គេនិយាយពីការបោះឆ្នោត តែ ទណ្ឌិតនោះ គិតតែពី ប្រមូលគ្នាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់កើតចេញពីការបោះឆ្នោត តាមបែប ប្រជាធិបតេយ្យ។ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំ នឹងប្តូរផ្តាច់កំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់បីជំនាន់ ដែលក្បត់តាំងពីជីតា ដល់ឪ និងដល់កូន ។ សម្ដេច ក៏បានស្វាគមន៍ប្រសិនបើទណ្ឌិតសម រង្ស៊ី វិលចូលស្រុក។ សម្ដេចតេជោ បានបញ្ជាក់ថា៖ ខ្ញុំមិនបានហាម ឃាត់យន្តហោះមិនឲ្យដឹកមកទេ ប៉ុន្តែប្រសិនបើអ្នកមកខ្ញុំស្វាគមន៍ ដោយខ្នោះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ត្រកូលហ៊ុន មិន ដែល ក្បត់ជាតិ ដូចត្រកូលសម ទេ ។ សម្តេចក៏បានថ្លែងថា ខ្ញុំដាក់ចេញ នូវការកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយម ដូចនេះ ខ្ញុំ ដាក់ ចេញនយោបាយកម្ចាត់អង្គការចាត់តាំងក្រុមប៉ុលពតដែរ។

ជាមួយនឹងការអបអរសាទរចំពោះនិស្សិតជ័យលាភីប្រមាណជាង៦ពាន់នាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជូនពរឲ្យនិស្សិតទាំងអស់ ទទួលបាននូវក្តីសុខ សេចក្តីចម្រើន និងជោគជ័យជាបន្តបន្ទាប់ទៀត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner