ថ្នាក់ដឹកនាំខេត្តកណ្ដាលនាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព ដោយលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញនាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព ដោយលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងក្រុមការងារ បាននាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដោយលិចទូកដ ដល់លំនៅដ្ឋាននៃសពផ្ទាល់ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ព្រមទាំងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ក្មួយៗរងគ្រោះទាំង ១១នាក់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តមបានថ្លែងថា៖ មរណភាពរបស់ក្មួយៗទាំង១១នាក់នេះ គឺជាការបាត់បង់កូនដ៏ស្រស់ស្អាតជាទីស្រលាញ់ ដែលឪពុកម្ដាយបានខិតខំចិញ្ចឹមបីបាច់ថែរក្សា តាំងពីតូចក្រូចឆ្មារ រហូតដល់ធំពេញវ័យ ។
ឯកឧត្តមបានលើកឡើងថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះ ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ណ៍ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»
ឯកឧត្តមបានបញ្ជាក់ថា ៖សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលមានលទ្ធភាព ក្នុងការចែកជូនអំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយប្រការផ្សេងៗ នាពេលកន្លងមក ក៏ដូចនាពេលនេះ គឺសុទ្ធជាការបរិច្ចាគទាំងថវិកា និងសម្ភាររបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
នាល្ងាចថ្ងៃដដែល ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តចុះសួរសុខទុក្ខជាមួយគ្រួសារសព ដែលត្រូវបូជា និងបានបាននាំយកអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងមួយគ្រួសារចំនួន២លានរៀល និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពកុមាររងគ្រោះដោយកាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។
សូមជម្រាបជូនថា៖ គ្រឿងឧបភោគ បរិភោគសម្រាប់ចូលរួម ជាមួយក្រុមគ្រួសារសព ទាំង១១ខាងលើនេះ ដោយក្នុងមួយសពទទួលបាន៖ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាន ចូលរួមឧបត្ថម្ភថវិកា មួយចំនួនដើម្បីចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសពនីមួយៗ ដោយក្នុង១ សព ទទួលបានថវិកា សរុប ៧៥០០ ដុល្លារ រួមមាន៖
- រដ្ឋបាលខេត្តកណ្តាល ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភដល់សព នូវថវិកាចំនួន ៥០០០ ដុល្លារ ក្នុង ១សព។
- សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ថវិកា ចំនួន ៥០០ ដុល្លារ ក្នុង ១ សព និងសម្ភារ មានដូចជា អង្ករ ៥០ គីឡូ ត្រីខ ០១កេសធំ មី ០២កេស ទឹកសុទ្ធ ០២យួរ និងម៉ាស់ ១ប្រអប់។
- លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ និងជាតំណាងរាស្រ្តខេត្តកណ្តាល ថវិកា ចំនួន ១០០០ ដុល្លារ ក្នុងុ១សព។
- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែកថវិកាចំនួន ១០០០ដុល្លារ ក្នុង១សព៕ដោយ-រ៉ាវុធ


