សម្តេចតេជោ ហ៊ុន សែន ផ្ញើសារព្រមានប្តឹងគណបក្សនយោបាយឬបុគ្គលណាដែលហ៊ានពាក់ព័ន្ធនឹង ទណ្ឌិតសម រង្ស៊ី
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសសារព្រមានដល់បុគ្គល និងរាល់គណបក្សនយោបាយទាំងឡាយណាដែលហ៊ានពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី នោះនឹងត្រូវបានប្តឹងទៅតុលាការជាក់ជាពុំខាន ជុំវិញការអំពាវផ្តួលរំលំលោកពីអំណាចក្នុងឆ្នាំ២០២៣ ខាងមុខ។
នៅថ្ងៃទី១៧ខែតុលាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ នារាជធានីភ្នំពេញសម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងជាសាធារណៈ ថា បើបុគ្គលណា គណបក្សនយោបាយណាជាប់ពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ី អតីតប្រធានៃអតីតគណបក្សសង្គ្រោះជាតិ នោះលោកនឹងប្តឹងទៅតុលាការជាមិនខាន។
ការថ្លែងសារព្រមានដូច្នេះ ព្រោះកាលពីយប់ម្សិលមិញនេះ លោកសម រង្ស៊ី បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងនឹងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ពីអំណាចក្នុងឆ្នាំ២០២៣ ខាងមុខ ។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖« គណបក្សណាក៏ដោយឱ្យតែផ្សារភ្ជាប់ជាមួយទណ្ឌិតនេះ[លោកសម រង្ស៊ី] នឹងត្រូវទទួលបាននូវការប្តឹងផ្តល់ទៅកាន់តុលាការ ចាំឱ្យច្បាស់[…] ឆ្នាំ២០២៣ ជាឆ្នាំបោះឆ្នោត តើលោកឯង[សម រង្ស៊ី] ចង់ផ្តួលរំលំដោយប្រដាប់អាវុធឬ? ផ្តាំទៅអ្នកណាទាក់ទងជាមួយទណ្ឌិតត្រូវមានទោស »។
ជាមួយគ្នានេះឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ពីមូលហេតុដែល គណបក្សនយោបាយនៅក្នុងស្រុកមិនអាចពាក់ព័ន្ធនឹងលោកសម រង្ស៊ី ដោយសារលោកសម រង្ស៊ី បានបង្កើតបក្ខពូកក្រុមឧទាមនៅក្រៅស្រុក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលជាទង្វើរំលោភលើគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់រដ្ឋធម្មនុញ្ញជាតិ។
លោកសុខ ឥសាន បន្ថែម៖« ក្រុមណាដែលចូលដៃជាមួយក្រុមឧទាមក្រៅច្បាប់របស់ទណ្ឌិតសម រង្ស៊ី គឺសុទ្ធតែជាក្រុមល្មើសច្បាប់ទាំងអស់ ព្រោះសម រង្ស៊ី ជាទណ្ឌិតក្បត់ជាតិទៅហើយ ដោយតុលាការបានកាត់ទោសឲ្យជាប់ពន្ធធនាគារជាង ១០០ឆ្នាំទៅហើយនោះ អ៊ីចឹងក្រុមណាដែលឃុបឃិតនឹងសម រង្ស៊ី សុទ្ធតែខុសច្បាប់ »។
ជុំវិញបញ្ហានេះដែរ លោកអ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកំណែទម្រង់កម្ពុជា ដែលលោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ យល់ថា សារព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺបាញ់ឆ្ពោះទៅរកគណបក្សភ្លើងទានដែលប្រសូត្រចេញពីលោកសម រង្ស៊ី ។
សម្រាប់លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា សារព្រមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះជាការផ្លោងសារនយោបាយតបទៅលោកសម រង្ស៊ី វិញ ដែលបានផ្ញើសារជំរុញឲ្យកើតមានចលាចលសង្គម ទាក់ទិននឹងសេចក្តីអំពាវនាវដល់កម្លាំងប្រដាប់អាវុធងើបឡើងផ្តួលរំលំនាយករដ្ឋមន្ត្រីពីអំណាច។
លោកបណ្ឌិតយង់ ពៅ បន្តថា នេះជាវិធីសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការបង្ក្រាបគំនិតផ្តួលរំលំ និងចលនា ឬយុទ្ធសាស្ត្ររបស់លោកសម រង្ស៊ី ព្រោះលោកសម រង្ស៊ី តែងថ្លែងសារនយោបាយក្នុងទម្រង់នេះជារឿយៗ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា សារព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងន័យប្រើយន្តការតុលាការចំពោះភាគីពាក់ព័ន្ធលោកសម រង្ស៊ី ជាការល្អ ជាងសារអំពាវរបស់លោកសម រង្ស៊ី ដែលប្រើប្រាស់អាវុធជាត្រីមុខ ។ សារព្រមានពីនាយករដ្ឋមន្រ្តីពេលនេះ ជាការបញ្ជាក់ពីជំហរក្នុងការពាររដ្ឋាភិបាលរបស់សម្តេចតេជោ ការពាររដ្ឋធម្មនុញ្ញ និងសន្តិភាពជាតិ។
គួររំឭកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើសារជាពិសេសតាមរយៈគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកដល់កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជាក្រោមចំណងជើងថា “ត្រូវតែមានការផ្លាស់ប្តូរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣” ក្នុងន័យឱ្យមានការផ្លាស់ប្តូរអំណាចមេដឹកនាំនៅកម្ពុជា ពោលគឺងើបឡើងប្រឆាំងនឹងសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឆ្នាំ២០២៣៕ ដោយ៖ សំបាន ច័ន្ទដារ៉ា