តាស៊ីក្លូ និងប្រជាពលរដ្ឋក្រីក្រីជាង ៥០០នាក់ទទួលបានអំណោយសប្បុរសធម៌ពីម្ចាស់ក្រុមហ៊ុន NK Molika Beauty ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ”
ភ្នំពេញ៖ កំពូលអ្នកលក់អនឡាញដ៏ល្បីដែលតែងតែលេចមុខក្នុងការជួយសង្គម គឺអ្នកនាង អឿន ម៉ូលីការ រួមជាមួយបងធម៌របស់អ្នកនាង បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងតាស៊ីក្លូប្រមាណជាង ៥០០នាក់នៅមុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។
ថ្លែងក្នុងពិធីនេះ អ្នកនាង អឿន ម៉ូលីការ ម្ចាស់ក្រុមហ៊ុន NK Molika Beauty Trending Co.Ltd បានប្រាប់អ្នកយកព័ត៌មានថា អ្នកនាងតែតែធ្វើការចែកអំណោយជូនដល់តាស៊ីក្លូ គឺមួយឆ្នាំ ពី២ទៅ៣ដង ហើយការចែកបែបនេះ គឺដោយសារតែមើលពីឃើញការអានិតអាសូរដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ហើយវ័យចាស់ជរា ហើយណាមួយទៀត គឺពួកគាត់ រកចំណូលបានទៀត ទើបអ្នកនាងចែកអំណោយជូនពួកគាត់ ហើយក្រៅពីចែកអំណោយជូនគាត់ ក៏មានការចែកអំណោយជូនដល់ប្រជាពលរដ្ឋមានក្រីក្រជាង ២០០នាក់ទៀតផងដែរ។
អ្នកនាង ម៉ូលីការ បានបញ្ជាក់យ៉ាងដូច្នេះថា អំណោយទាំងនេះ មិនមែនខ្ញុំចែកតែតាស៊ីក្លូមួយទេ កន្លងមកបងប្អូនដឹងហើយ គឺនាងខ្ញុំចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋទាំងឡាយណា អោយតែមានភាពខ្វះខាត គឺនាងខ្ញុំចុះជួយជានិច្ច។ ហើយអំណោយដែលនាងខ្ញុំចែកថ្ងៃនេះ ក្នុងម្នាក់ៗរួមមានថវិការ ២ម៉ឺនរៀល មានបាយ មាននំ មានទឹកសុទ្ធ មានកៅឡាក់ ដែលចំណាយសរុបទាំងអស់ជាង ១ម៉ឺនដុលារ។
ចំណែកបងប្រុសធម៌របស់អ្នកនាង ម៉ូលីការ ក៏បានបញ្ជាក់ដែរថា កន្លងមក គាត់តែងតែបានចែករំលែកប្រាក់ចំណូលរបស់ខ្លួនមួយចំនួន ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ត្រឡប់ទៅកាន់សង្គមជាតិវិញ តាមរយៈការចុះចែកអំណោយជូនដល់បងប្អូនប្រជាពលមានជីវភាពក្រីក្រ។
លោកថា ក្រៅពីការចែកអំណោយជូនដល់តាស៊ីក្លូ និងប្រជាពលរដ្ឋក្រីក្រនៅថ្ងៃនេះ លោកក៏មានគម្រោងបន្តចុះចែកអំណោយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពទីទល់ក្រនៅទីតាំងផ្សេងទៀតផងដែរ៕ ដោយ៖ ទីណា


