ឯកឧត្តម VO VAN THOUNG ដឹកនាំគណប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយនិងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាម មកដល់ប្រទេសកម្ពុជានៅ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលបីថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម VO VAN THOUNG នៅកម្ពុជា បើតាមការគ្រោងទុក ឯកឧត្តម សមាជិកការិយាល័យនយោបាយនិងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សនឹងដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។
ក្រៅពីនោះ ឯកឧត្តម VO VAN THOUNG នឹងមានជំនួបពិភាក្សាការងា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសមចំពោះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបសម្តែងការគួរសមចំពោះ លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។
សូមជម្រាបថាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយនិងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស មកកាន់កម្ពុជា នាពេលនេះក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

