ជំនួយការសម្តេចតេជោ ហ៊ុន សែន ៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា

ខេត្តកណ្តាល ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ព្រមងទាំងបានផ្តល់ពុទ្ធិ ហើយបានអប់រំប្រៀនប្រដៅពុទ្ធបរិស័ទឲ្យដឹងខុសនិងដឹងត្រូវ ស្គាល់នូវអំពើបុណ្យអំពើដឹងបាប និងមានកត្តញ្ញូកត្តាធម៌ចំពោះអ្នកមានគុណ ។

ឯកឧត្តម បានថ្លែងដូចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដង្ហែរអង្គកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់លោក អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងក្រុងតាខ្មៅ មានវត្ត ១៥វត្ត ព្រះសង្ឃ៧៩៤អង្គ អាចារ្យ៥៧នាក់ គណៈកម្មការវត្ត១០១នាក់ តាជី១៧នាក់ ដូនជី១១៥នាក់ និងក្មេងវត្តមានចំនួន៣៨នាក់ ក្នុងនោះមានវត្តធម្មយុទ្ធចំនួន១វត្ត និងមានសមាគមន៍វិប្បសិនា១កន្លែង។

ក្នុងឱកាសនោះ ឯកឧត្ដម ណុប រ័ត្ននិមល តំណាង បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តប្រជុំនទី ហៅវត្តក្រពើហា មានចំនួន ១៦៩លាន ៩សែន ៩ម៉ឺន ៩ពាន់រៀល, ក្នុងនោះបច្ច័យរបស់នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៨០លានរៀល និងបានឧបត្ថម្ភដល់រដ្ឋបាលក្រុងតាខ្មៅ ថវិកា ១លាន៥០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី សាស្ត្រាចារ្យពុទ្ធិកវិទ្យាល័យ មន្ត្រីរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង១០ លោកគ្រូអ្នកគ្រូ យុវជន បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើនទៀតផងដែរ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner