របាយការណ៍សិទ្ធិមនុស្ស៖ មេធាវីជិត ៦០ នាក់ត្រូវបានគេសម្លាប់ត្រឹមតែរយៈពេលប្រាំមួយឆ្នាំនៅហ្វីលីពីន
ហ្វីលីពីន៖ក្រុមមេធាវីហ្វីលីពីនដ៏ល្បីឈ្មោះមួយបានអះអាងកាលពីថ្ងៃសៅរ៍ថាមេធាវីយ៉ាងហោចណាស់ចំនួន ១៣៣ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីនក្នុងការវាយប្រហារទាក់ទងនឹងការងារ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ដោយជិតពាក់កណ្ដាលនៃចំនួននេះត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយ ក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែរតេ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេភី(AP) សហភាពជាតិនៃមេធាវីប្រជាជន (NUPL) ដែលអះអាងពីរបាយការណ៍នេះ បានលើកឡើងថា ការបៀតបៀនមេធាវី និងចៅក្រមនៅក្នុងប្រទេសហ្វីលីពីន នៅតែបន្តក្រោមអាណត្តិរបស់ប្រធានាធិបតីថ្មី លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr. ) ដែលចូលកាន់តំណែងកាលពីខែមិថុនា ទោះបីជាមានការព្រមានពីតុលាការកំពូលរបស់ប្រទេស និងក្រុមឃ្លាំមើលអន្តរជាតិក៏ដោយ។
កាលពីឆ្នាំមុន តុលាការកំពូលហ្វីលីពីន បានថ្កោលទោសជាសាធារណៈដ៏កម្រ អំពីការកើនឡើងនៃការសម្លាប់ និងការគំរាមកំហែងប្រឆាំងនឹងមេធាវី និងចៅក្រម ហើយស្នើឱ្យតុលាការថ្នាក់ក្រោម អ្នកអនុវត្តច្បាប់ និងក្រុមមេធាវីផ្តល់ព័ត៌មានអំពីបញ្ហានេះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះដើម្បីអាចឱ្យតុលាការកំពូលអាចចេញចំណាត់ការទុកជាមុន។
ទោះបីជាយ៉ាងណា របាយការណ៍របស់ NUPL ដែលលើកយកមកបង្ហាញក្នុងសន្និសីទកាលពីថ្ងៃសៅរ៍បានបង្ហាញថា មេធាវីចំនួន ៥៩ ក្នុងចំណោមទាំង ១៣៣ ត្រូវបានសម្លាប់ក្រោមការដឹកនាំរបស់លោក ឌុយទែរតេ។
មន្រ្តី NUPL លោកស្រី Melai Pinlac អះអាងថា ការសម្លាប់ភាគច្រើននៅតែមិនអាចដោះស្រាយបាន ហើយអ្នកវាយប្រហារនៅតែត្រូវបានប៉ូលីសកំណត់ថាមិនស្គាល់អត្តសញ្ញាណ ទោះបីជាកងកម្លាំងរដ្ឋាភិបាល ត្រូវបានគេចោទប្រកាន់ថាជាអ្នកនៅពីក្រោយការវាយប្រហាររាប់សិបដង ប្រឆាំងនឹងមេធាវី ដែលការពារសកម្មជនសិទ្ធិមនុស្ស ឬសកម្មជនផ្សេងទៀត ក៏ដោយ។
លោកស្រី Pinlac បានបន្តថា បណ្ដាញសង្គម បានធ្វើឱ្យការគំរាមកំហែងរីករាលដាលតាមអ៊ីនធឺណិត ដោយមេធាវីបានក្លាយជាគោលដៅនៃការចោទប្រកាន់មិនពិតនិងលាបពណ៌ថាជាភេរវករ កុម្មុយនីស្ត ឬអ្នកបង្កឱ្យមានអស្ថិរភាពសង្គមជាដើម។
ទោះបីជាយ៉ាងនេះក៏ដោយ ប្រធាន NUPL លោក Edre Olalia បានលើកឡើងថា ការវាយប្រហារមិនអាចបញ្ឈប់អង្គការរបស់លោកធ្វើសកម្មភាពប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល បុគ្គលិកយោធា និងប៉ូលីស ដែលប្រព្រឹត្តអំពើរំលោភបំពាននោះទេ។
ក្រោមការដឹកនាំរបស់លោក ឌុយទែរតេ មេធាវីមួយចំនួនដែលការពារក្ដីឱ្យជនសង្ស័យទាក់ទងនឹងការជួញដូរគ្រឿងញៀនសង្ស័យ ឬជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ គឺស្ថិតក្នុងក្រុមដែលត្រូវបានគេសម្លាប់។ ក្នុងចំណោមអ្នកដែលត្រូវបានខ្មាន់កាំភ្លើង។ មេធាវីផ្សេងទៀត រងការវាយប្រហារ ឬសម្លាប់ដោយសារតែមានទំនាក់ទំនងនឹងពួកបះបោរកុម្មុយនិស្ត។
នៅពេលឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ លោក ឌុយទែរតេ បានបើកការបង្រ្កាបប្រឆាំងគ្រឿងញៀនដ៏ធំ ដែលសម្លាប់ជនសង្ស័យជាង ៦០០០ នាក់ និងធ្វើឱ្យមានការភ្ញាក់ផ្អើលពីរដ្ឋាភិបាលលោកខាងលិច ហើយបង្កឱ្យមានការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ ប្រភព៖ Rights group: 59 lawyers slain in 6 years in Philippines