មន្ត្រី​សង្គមស៊ីវិលស្នើ​​រាជ​រដ្ឋាភិបាលឱ្យមាន​វិធាន​ការ​ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​បរទេស ហើយមិនមានឯកសារត្រឹមត្រូវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រី​អង្គការ​សង់​ត្រាល់​ប្រចាំ​ប្រទេស​ថៃ​បាននិយាយថា ​ពលករ​មួយ​ចំនួន​ដែល​ធ្វើ​​ការ​នៅ​ក្នុង​ប្រទេសថៃ​កំពុងមានមាន​ការ​ព្រួយ​បារម្ភ​ពេល​ដែល​អាជ្ញាធរ​​ថៃ​បាន​រឹត​បន្តឹង​ច្បាប់ដោយ​សារ​ក្រុម​ហ៊ុន​ខ្លះ​បញ្ជូន​ពលក​រ​ទៅធ្វើការនៅថៃ ​ដោយ​មិនមាន​ឯក​សារ​ត្រឹម​ត្រូវ។

លោក ឡឹង សុផុន មន្រ្តី​គម្រោង​ប្រចាំ​នៅ​ប្រទេស​ថៃ​នៃ​អង្គការ​សិទិ្ធ​ការ​ងារ​កម្ពុជា​​សង់​ត្រាល់ បាន​ប្រាប់​ថា តាម​ការ​សង្កេត​មើល​ឃើញ​ថា ច្បាប់​ការ​ងារ​ប្រទេស​ថៃ ប្រសិន​បើ​ពលករ​ខ្មែរ​ដែល​ពួក​គាត់​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ប្រព័ន្ធ​អនុស្សរណៈ(MoU) និងប្រ​ព័ន្ធ​ច្បាប់​ការ​ងារ​ត្រឹម​ត្រូវ គឺ​ពលករ​ទាំង​នោះ​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភឡើយ។ប៉ុន្តែ ពលករ​ខ្មែរ​មួយ​ចំនួន​ ពួកគា​ត់​មក​ប្រទេស​ថៃដោយ​មិន​មាន​ឯក​សារ​គ្រប់​គ្រាន់ ដោយ​សារ​ចំណាយ​លើ​ការ​ធ្វើ​ឯក​សារ​វា​មាន​តម្លៃ​ថ្លៃ ហើយ​នៅ​ស្រុក​ពួក​គាត់​ក៏​មិន​មាន​ការ​ងារ​ធ្វើ ទើប​មក​ធ្វើ​ការ​តាម​បណ្ដា​ខេត្ត ដែល​ជាប់​ព្រំ​ប្រទល់ ព្រំដែន​ខ្មែរ-ថៃ។​ប្រសិន​ជា​ប៉ូលីសឫ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ឃើញ​ថា មិន​មាន​ឯក​សារ​គ្រប់​គ្រាន់​ពលករ​ទាំង​នោះក៏​ត្រូវ​​ផាក​ពិន័យ។

លោក ឡឹង សុផុនថា«ដូច្នេះ​ពលករ​ដែល​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​នៅ​ថៃ រស់​នៅ​ប្រឈម​ច្រើន ក្នុង​បញ្ហា​ផ្សេង​ៗ ពី​ព្រោះ​ថា​រដ្ឋាភិបាល​ថៃ​បាន​​បន្តឹង និង​ពិនិត្យ​ច្រើន នៅ​តំបន់​កន្លែង​រស់​នៅ​របស់​ពួក​គាត់​ ហើយ​ពួក​គាត់​ក៏​ជួប​ផល​វិបាក ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើ។ ជា​ពិសេស ការ​បម្លាស់​ទី​ពី​កន្លែងមួ​យ​ទៅ​កន្លែង​មួយ​ទៀត មាន​ភាព​លំបាក ដោយ​កន្លែង​ខ្លះ ប៉ូលីស​ថៃ គឺ​គេ​មិន​លើក​លែង​ឡើយ ដោយ​ធ្វើ​តាម​ច្បាប់»។

លោក​បន្ត​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មិន​គោរព​តាម​ច្បាប់​ការ​ងារបាន​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​ថៃ ដោយ​មិន​មាន​ឯកសារ​ត្រឹម​ត្រូវ និង​បាន​សន្យា​ថា​នឹង​រក​ការ​ងារ​ជូន​ពួក​គាត់ ប៉ុន្តែ​បែរ​ជា​យក​លុយ​ពី​ពលករ​រួច ក៏​ទុក​ពលករ​ទាំង​នោះ​ចោល​ក្នុង​ប្រទេស​ថៃដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលករ​ទាំង​នោះ​ខាត​ទាំង​លុយ និង​ខាត​ទាំង​ពេល​វេលា។

លោក សុផុនបន្ថែមថា៖ «សម្រាប់​ពលករ​ដែល​ប្រឈម​មក​ធ្វើ​ការ​នៅ​ថៃ រដ្ឋាភិបាល​គួ​រ​តែ​ពិចារណា មាន​វិធាន​ការ​ណា​មួយ​ឱ្យបាន​ច្បាស់ ដើម្បី​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​កុំ​ឱ្យ​គាត់​ចំណាក​ស្រុក​ដោយ​មិន​មាន​សុវត្ថិភាព​។ ម្យ៉ាង​វិញ​ទៀត ពលករ​នៅ​ថៃ​ក៏​ច្រើន​ដែរ ខ្ញុំ​ចង់​ឱ្យមាន​ការ​អប់រំ បង​ប្អូន​ពលករ ជា​ពិសេស​មាន​វិធាន​ការ​អប់រំ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គាត់​បាន​បញ្ជូន​ពលករ​មក​បរទេស​ហ្នឹង គឺ​គាត់​ត្រូវ​តែ​គោរព​តាម​ច្បាប់​ការ​ងារ​ឱ្យបាន​ត្រឹម​ត្រូវ ពីព្រោះ​កន្លង​មក​ពលករ​ដែល​​​មក​ដោយ​ក្រុមហ៊ុន ពួក​គាត់​​មិន​ឯកសារ វីសា​ត្រឹម​ត្រូវ»។

លោកបន្ថែមថា លោក​ចង់​ឃើញ​រាជ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ មាន​ការ​រួម​​គ្នា​ពង្រឹង​វិធាន​ការ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​ពលករ។ ជា​ពិសេស​ទៅ​ទៀត សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ជួយ​សម្រួល​ការ​ធ្វើ​ឯក​សារស្រប​ច្បាប់​របស់​ពលករ ពីព្រោះ​ពលករ​ថា ការ​ធ្វើ​ឯកសារ​នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការ​ងារ​ថា ពលករ​​កម្ពុជា​​ដែល​​កំពុ​ង​​ធ្វើ​​ការ​​នៅ​បរទេស មាន​ចំនួន​សរុប​ជាង​១​,៣លាន​​នាក់ ក្នុង​នោះ ១,២​លាន​​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាង​៤​៥.០០០​នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ២៣.០០០​​នាក់​នៅ​ម៉ាឡេស៊ី ១​១.០០០នាក់​នៅ​ប្រទេស​ជប៉ុន ជាង​៨​០០នាក់​នៅ​សិង្ហបុរី ២០០​នាក់​នៅ​ហុងកុង និង​៤៣​នាក់​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​៕

ដោយ៖ជា សុខនី

ads banner