សេដ្ឋចិនបង្ហាញសន្ទុះងើបឡើងវិញក្នុងត្រីមាសទី៣ ប៉ុន្តែនៅតែមានការប្រឈម

ចិន៖មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំផែនការរដ្ឋបាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែតុលានេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ ហើយអត្រាការងារមាន​ស្ថិរភាពល្អ។ ប៉ុន្តែសេដ្ឋកិច្ចចិននៅតែប្រឈម បូករួមនឹងបញ្ហានានា។

ដើម្បីជំរុញសេដ្ឋកិច្ចរបស់ចិន ដែលជាសេដ្ឋកិច្ចធំទី២ លើពិភពលោក អ្នកបង្កើតគោលនយោបាយបានដាក់ចេញវិធានការចាំបាច់មួយចំនួន។ ប៉ុន្តែវិធានការស្តារទាំងនេះ បានធ្វើឱ្យចិនរួចចេញពីការធ្លាក់ចុះត្រឹមកម្រិតតិចតួចប៉ុណ្ណោះកាលពីត្រីមាសទី២ដោយសារវិធានការទប់ស្កាត់កូវីដ-១៩និងការធ្លាក់ចុះនៃវិស័យលអចលនទ្រព្យបានជះឥទ្ធិពលមកលើសេដ្ឋកិច្ចទាំងមូល។

ក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងពេលសមាជបក្សកុម្មុយនីស្ត ដែលមានតែម្តងក្នុងប្រាំឆ្នាំ លោក Zhao Chenxin អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន ប្រាប់អ្នកកាសែតថា “សេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទីបី។

លោកបញ្ជាក់ថា”តម្លៃទំនិញប្រើប្រាស់ ឬអតិផរណាបានកើនឡើងតិចតួច ផ្ទុយស្រឡះទៅនឹងអតិផរណាពិភពលោក ដែលបានកើនឡើងខ្ពស់ ហើយអត្រាការងារជាទូទៅនៅតែមាន​ស្ថិរភាព។

វិនិយោគិនកំពុងរង់ចាំយ៉ាងអន្ទះសារនូវទិន្នន័យ GDP របស់ចិនក្នុងត្រីមាសទី៣ នៅថ្ងៃអង្គារ ទី១៨​​ ខែតុលា ជាពិសេសបន្ទាប់ពីតួលេខពាណិជ្ជកម្មរបស់ចិន ដែលគ្រោងនឹងចេញផ្សាយ កាលពីថ្ងៃសុក្រ បែរជាត្រូវលើកពេល។

ការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ(Reuters) បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជាបានកើនឡើង ៣.៤ភាគរយក្នុងខែកក្កដា ដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបានកើនឡើង០.៤ភាគរយធៀបនឹងត្រីមាសទី២។ យ៉ាងណាក៏ដោយការព្យាករដដែលក៏បញ្ជាក់ថាកំណើនសេដ្ឋកិច្ចរបស់ចិនសម្រាប់ឆ្នាំ២០២២ នៅតែជាកំណើនដ៏ខ្សោយបំផុតក្នុងរយៈពេលជិតកន្លះសតវត្ស។

ក្រុមអ្នកបង្កើតគោលនយោបាយបានដាក់ចេញវិធានការសេដ្ឋកិច្ចប្រមាណ៥០ ចាប់តាំងពីខែឧសភា ដែលវិធានការទាំងនោះបានផ្តល់ហិរញ្ញវត្ថុយ៉ាងច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការបន្ថយពន្ធលើអាជីវកម្ម។

លោក Zhao Chenxin បញ្ជាក់ថា “ដោយសារតែឥទ្ធិពលប្រែប្រួលនៃបរិយាកាសខាងក្រៅ និងខាងក្នុង វានៅតែមានភាពផ្ទុយគ្នា រួមទាំងបញ្ហាមួយចំនួននៃដំណើរការសេដ្ឋកិច្ច ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន”។

ដោយសារតែការថយចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម ក្រុមហ៊ុននានាមានការប្រុងប្រយ័ត្នក្នុងការពង្រីក និងជួលកម្លាំងកម្មករបន្ថែម។ ផ្អែកលើការស្ទង់មតិទូទាំងប្រទេសបានបង្ហាញថា អត្រាគ្មានការងារធ្វើបានថយចុះបន្តិចមកត្រឹម ៥.៣ភាគរយក្នុងខែសីហា ខណៈខែកក្កដាមាន ៥.៤ភាគរយ។ ទិន្ន័យដដែលបង្ហាញថាភាពអត់ការងារធ្វើរបស់យុវជនចិនស្ថិតនៅក្នុងតួលេខខ្ពស់ គឺ១៨.៧ភាគរយ ធៀបនឹងកំណត់ត្រាខ្ពស់បំផុត ១៩.៩ភាគរយកាលពីខែកក្កដា។

លោក Zhao Chenxin បានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការដើម្បីធ្វើឱ្យមានស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងបង្កើនគោលនយោបាយទាក់ទាញការវិនិយោគពីបរទេស ជាពិសេសក្នុងវិស័យផលិតកម្ម៕ ដោយ៖យ៉ាន អាន /CPA

ads banner