មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូកនិងម៉ាស៊ីន ១៦គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ទូក និងម៉ាស៊ីនទូក ១៦គ្រឿង ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ការអនុវត្តសកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា ជាពិសេស នៅក្នុងសកម្មភាពមនុស្សធម៌ បម្រើប្រជាជន ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងឧបទ្ទវហេតុផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ការប្រគល់ទូក និងម៉ាស៊ីនទាំង ១៦គ្រឿងនោះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ធ្វើការបែងចែកទៅឲ្យ ៨អង្គភាពចំណុះសឹករងខេត្ត រួមមាន៖ ផ្នែកសឹករងក្រុងស្ទឹងត្រែង ផ្នែកសឹករងសេសាន ផ្នែកសឹករងថាឡាបរិវ៉ាត់ ផ្នែកសឹករងសៀមបូក ផ្នែកសឹករងសៀមប៉ាង ផ្នែកសឹករងបុរីអូរស្វាយសែនជ័យ និង ២វរៈសេនាតូច គឺវរៈសេនាតូចលេខ១ និងវរៈសេនាតូចលេខ២ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ។
ថ្នាក់ដឹកនាំ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង តំណាង លោកឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន បានសម្តែង នូវការគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់ភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេស ក្នុងកាលៈទេសៈដែលប្រជាជនមួយចំនួន នៅខេត្តស្ទឹងត្រែង កំពុងទទួលរងផលប៉ះពាល់ ដោយគ្រោះជំនន់ទឹកភ្លៀង និងឧបទ្ទវហេតុគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។
តំណាង លោកឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពជូនពរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖ឡុង សំបូរ

