ប្រតិបត្តិករមីក្រូហរិញ្ញវត្ថុឯកភាពគ្នាជាគោលការណ៍ក្នុងការជួយកសិករដែល រងផលប៉ះពាល់ដោយទឹកជំនន់តាមសំណើសម្តេចតេជោនាយករដ្ឋមន្ត្រី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាព្រឹកថ្ងៃទី១៧ខែតុលានេះបានឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់ ដែលបង្កការខូចខាតទៅដល់ប្រជាពលរដ្ឋ ដោយសន្យាថានឹងផ្ដល់លក្ខខណ្ឌអនុគ្រោះទៅដល់អតិថិជនរបស់ខ្លួនដែលរងគ្រោះដោយទឹកជំនន់។ការឆ្លើយតបរបស់សមាគមមីក្រូហិរញ្ញវត្ថុនេះ ធ្វើឡើងស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុយោគយល់ចំពោះពលរដ្ឋ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ខាងសមាគមបានយកចិត្តទុកដាក់លើបញ្ហាទឹកជំនន់នេះ ព្រមទាំងបានពិនិត្យ និងសិក្សាលើទំហំនៃផលប៉ះពាល់របស់ប្រជាជន ដោយផ្អែកតាមទិន្នន័យពីឆ្នាំកន្លងទៅ។
លោកបន្តថា៖«បន្ទាប់ពីទទួលដំណឹងពីផល់ប៉ះពាល់ទឹកជំនន់ ក្រុមការងារសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការវិភាគពីទំហំនៃផលប៉ះពាល់ដែលអាចនឹងកើតឡើងដោយផ្អែកតាមទិន្នន័យឆ្នាំកន្លងៗមកហើយនៅសប្តាហ៍មុនសមាគមក៏បានកោះប្រជុំសមាជិកដើម្បីជជែកគ្នាពីបញ្ហានេះ ដើម្បីត្រៀមរៀបចំជួយដល់បងប្អូនកសិករដែលរងផល់ប៉ះពាល់»។

លោកគូសបញ្ជាក់ថា៖ «វិស័យមីក្រូហរិញ្ញវត្ថុទាំងមូល បានឯកភាពគ្នាជាគោលការណ៍ថា នឹងជួយដល់បងប្អូនកសិករដែលរងផលប៉ះពាល់ តាមរយៈការផ្តល់នូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ និងសម្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន»។

នៅក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២នេះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបាន ក្រើនរំលឹកអំពីការចុះជួយអន្តរាគមន៍បន្ថែមដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលជួយផ្ដោតលើជំនួយសំខាន់ពីរគឺ ជំនួយខាងកសិកម្ម និងជំនួយខាងហិរញ្ញវត្ថុ។

ក្នុងដំណើរការចុះជួយអន្តរាគមន៍នេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវអំពាវនាវទៅដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឱ្យជួយសម្រួលលើឥណទានរបស់ពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។សម្តេចបានលើកឡើងពីការបន្ធូរបន្ថយការប្រាក់ ពន្យាររយៈពេលក្នុងការសងត្រឡប់ និងការរៀបចំឥណទានឡើងវិញ ជាដើម។
ទោះជាយ៉ាងណាក្ដី ខាងសមាគមមីក្រូហិរញ្ញវត្ថុមិនទាន់បង្ហាញរបាយការណ៍របស់ខ្លួននៅឡើយទេថា ខ្លួននឹងជួយសម្រួលបែបណាខ្លះចំពោះអតិថិជនរបស់ខ្លួនដែលកំពុងរងគ្រោះដោយទឹកជំនន់នោះ៕
ដោយ៖ កែវ បុស្បា

ads banner