នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា បញ្ជាឱ្យស៊ើបអង្កេតព្រះវិហារបង្រួបបង្រួម បន្ទាប់ឃាតកម្មលោក អាបេ
ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃចន្ទទី ១៧ ខែតុលានេះបានបញ្ជាឱ្យមានការស៊ើបអង្កេតរបស់រដ្ឋាភិបាលមួយ ទៅលើក្រុមចលនាសាសនានៃព្រះវិហារបង្រួបបង្រួម (Unification Church) ដែលក្លាយជាប្រធានបទក្ដៅមួយ បន្ទាប់ពីការធ្វើឃាតអតីតនាយករដ្ឋមន្រ្តីជប៉ុនដ៏មានឥទ្ធិពល លោក ស៊ីនហ្ស៊ូ អាបេ។
ការបញ្ជាឱ្យស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីការស្ទង់មតិផ្ទៃក្នុងរបស់គណបក្សមួយបានបង្ហាញថា ជិតពាក់កណ្តាលនៃសមាជិកសភាជាតិចំនួន ៣៧៩ នាក់ របស់គណបក្ស LDP មានទំនាក់ទំនងជាមួយព្រះវិហារបង្រួបបង្រួម ចាប់តាំងពីការចូលរួមព្រឹត្តិការណ៍ដែលវិហារជាអ្នករៀបចំ រហូតការទាញសំឡេងបោះឆ្នោតគាំទ្រពីអ្នកជឿនៃវិហារនេះ។
ប៉ុន្តែរឿងហេតុផ្ដើមចេញពីចម្លើយសារភាពរបស់ឃាតករសម្លាប់លោក អាបេ ឈ្មោះ Tetsuya Yamagami ដែលបានអះអាងថា ខ្លួនសម្លាប់លោក អាបេ ដោយសារតែអតីតនាយករដ្ឋមន្រ្តីរូបនេះ គាំទ្រព្រះវិហារបង្រួបបង្រួម ដែលម្ដាយរបស់ខ្លួនបានបរិច្ចាគលុយ ១០០ លានយ៉េន (៦៧២ ០០០ ដុល្លារ) ក្នុងនាមជាអ្នកដើរតាម រហូតដល់ក្ស័យធន។
ការសារភាពនេះ បានជំរុញឱ្យអ្នកដើរតាមរបស់វិហារជាច្រើននាក់ផ្សេងៗទៀត បានលើកពីទីបន្ទាល់ដូចគ្នាដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីចំណោមប្រព័ន្ធផ្សព្វផ្សាយជប៉ុនទៅលើទំនាក់ទំនងរបស់គណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) និងព្រះវិហារបង្រួបបង្រួម។
បញ្ហាទាំងអស់នេះហើយទើបលោក គីស៊ីដា ដែលប្រឈមមុខនឹងការធ្លាក់ចុះនៃសន្ទុះគាំទ្រ បានប្រកាសពីការស៊ើបអង្កេតទៅលើព្រះវិហារ នៅក្នុងសភានាថ្ងៃចន្ទនេះ ដោយលោកលើកឡើងថា មានមនុស្សជាច្រើនបានក្លាយជាជនរងគ្រោះរបស់វិហារនេះ។
ព្រះវិហារបង្រួបបង្រួម ដែលមានអ្នកដើរតាមសកម្មប្រហែល ១០០ ០០០ នាក់នៅជប៉ុន បានបដិសេធថាខ្លួនមិនបានធ្វើខុសអ្វីមួយនោះទេ។ ព្រះវិហារបានដាក់ពាក្យបណ្តឹងនៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញាដោយអះអាងថា ព្រះវិហារបានក្លាយជាជនរងគ្រោះនៃ «យុទ្ធនាការនៃការមិនអត់ឱន ការរើសអើង និងការបៀតបៀន» នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីឃាតកម្មលោក អាបេ។
បណ្តឹងរបស់ព្រះវិហារបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមមេធាវីជប៉ុន បានបំភ្លៃឃាតកម្មលោក អាបេ ដោយហៅឃាតករថាជាជនរងគ្រោះរបស់ព្រះវិហារបង្រួបបង្រួម ដើម្បីទម្លាក់កំហុសឃាតកម្មទៅលើវិហារទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា ការស៊ើបអង្កេតនឹងពិនិត្យមើលថាតើចលនាសាសនានៃព្រះវិហារបង្រួបបង្រួម បានធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ ឬបានប្រព្រឹត្តអំពើដែលផ្ទុយនឹងឋានៈរបស់ខ្លួនជាក្រុមសាសនា ដែរឬយ៉ាងណា។ ប៉ុន្តែការស៊ើបអង្កេតនេះ អាចឆ្ពោះទៅរកការរំលាយក្រុមចលនាសាសនានេះ ក៏អាចថាបាន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Japan: Kishida orders probe into Unification Church after Abe killing