មន្ត្រីជំនាញរំពឹងថា បុណ្យសមុទ្រឆ្នាំនេះនឹងមានភ្ញៀវទេសចរច្រើនចូលរួមកម្សាន្តសប្បាយ
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងទេសចររំពឹងថា ការរៀបចំបុណ្យសមុទ្រឆ្នាំនេះដែលធ្វើឡើងនៅខេត្តព្រះសីហនុ អាចនឹងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន។ ខណៈដែលអាជ្ញាធរកំពុងត្រៀមរៀបចំការងារទាំងអស់ជាមុនសិន ដើម្បីឱ្យបុណ្យសមុទ្រប្រព្រឹត្តិទៅដោយរលូន និងសុវត្ថិភាព។
ឯកឧត្តម តុប សុភ័ក្រ អ្នកនាំក្រសួងទេសចរណ៍បានប្រាប់ថាពីធីបុណ្យសមុទ្រឆ្នាំនេះ គឺគ្រោងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ។ប៉ុន្តែឆ្នាំនេះ បុណ្យសមុទ្រមានលក្ខណៈជាពិសេស ព្រោះតែការរៀបចំកម្មវិធីធំៗចំនួនបីដូចជា កម្មវិធីសម្ដែងសិល្បៈប្រពៃណីជាតិ និងអន្តរជាតិ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងបង្ហាញម្ហូបអាហារ និងកម្មវិធីកីឡា មានកីឡាលើឆ្នេរ កីឡាលើទឹក ។
ឯកឧត្តម តុប សុភ័ក្រ បន្តថា៖ «ការប្រជុំព្រឹកនេះ អ្វីដែលសំខាន់ គឺយើងបានត្រៀមលក្ខណៈរៀបចំបុណ្យសមុទ្រនេះឱ្យទទួលបានជោគជ័យ និងការចូលរួមពីមហាជនឱ្យបានច្រើនកុះករ ហើយទីមួយ គឺផ្ដោតសំខាន់ទៅលើការរៀបចំសម្រាប់កម្មវិធីបីធំៗដែលបានជម្រាបជូនហ្នឹង»។
ឯកឧត្តមបន្ថែមថា ក្រៅពីនេះទៀត គឺយើងបានត្រៀមលក្ខណៈដើម្បីសោភ័ណភាព និងការរៀបចំឲ្យមានការរក្សាសណ្ដាប់ធ្នាប់ ជាពិសេស សុវត្ថិភាព ហើយហ្នឹងសេវាកម្ម ក្នុងកំឡុងពេលបុណ្យសមុទ្រហ្នឹង»។
លោកបន្តថា បុណ្យសមុទ្រឆ្នាំនេះ គឺខុសប្លែកបន្តិចពីឆ្នាំមុន ដោយសារមានកម្មវិធីដ៏ធំមួយទៀត គឺមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ស្របជាមួយបុណ្យសមុទ្រនេះផងដែរ។
ចំណែកអ្នកស្រី ឆាយ សៀវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថាបុណ្យសមុទ្រនេះនឹងជួយទៅដល់វិស័យទេសចរណ៍តាមរយៈការផ្សព្វផ្សាយ និងជួយទៅដល់អាជីវកម្មស្នាក់នៅ អាជីវកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន ហើយវាក៏អាចជាការទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀតដែរ។
អ្នកស្រី ឆាយ ស៊ីវលីន បន្តថា៖ «ខ្ញុំគិតថាមានភ្ញៀវទេសចរចួលរួមទាំងក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាតាំងផលិតផលនានា ក៏ដូចជាមានការសម្ដែងកីឡា អ្នកនៅក្នុងស្រុកក៏មានការអបអរជាពិសេសក៏ដូចជាប្រទេសទើបតែបើកពេញលេញបែបនេះ មួយទៀតកត្តាដែលជំរុញឱ្យមានការចូលរួមបែបនេះគឺផ្លូវល្បឿនលឿន ដែលមិនមានការកកស្ទះអ្វីក្នុងការធ្វើដំណើរនឹងនោះទេ ហើយការចំណាយពេលធ្វើដំណើរទៅកំពង់សោមតែពីរម៉ោងនោះទេ»។
អ្នកស្រី ស៊ីវលីន ក៏បានបន្ថែមទៀតថា ប្រទេសកម្ពុជាមានប្រាសាទអង្គវត្ត មានឆ្នេរ និងមានវប្បធម៌ដ៏ផូរផង់ ហើយតំបន់ឆ្នេរក៏ពិសេសផងដែរ ហើយក្នុងនោះក៏មានកន្លែងអេកូទេសចរណ៍ជាច្រើន រួមជាមួយសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ ភាពទន់ភ្លន់ និងស្មោះត្រង់ផងដែរ ហើយទាំងនេះបង្ហាញថា វាជាចំណុចទាក់ទាញរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថាប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលនឹងត្រូវធ្វើឡើងរយៈពេលប្រាំមួយថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ។ ចំណែកឯ ពិធីបុណ្យសមុទ្រ នឹងធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕ ដោយ៖ ជា សុខនី និង ហោ សុវិទ្យា