កម្ពុជាគ្រោងបង្កើតអង្គភាពវិជ្ជាជីវៈដោះសា្រយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសវាងកកស្ទះសំណុំរឿង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងយុត្តិធម៌កម្ពុជាគ្រោងនឹងបង្កើតអង្គភាពវិជ្ជាជីវៈដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចៀសវាងបញ្ហាកកស្ទះសំណុំរឿង ដែលផ្តោតជាពិសេសត្រឹមរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាល ក្នុងន័យបង្ខិតសេវាយុត្តិធម៌ក្បែរប្រជាពលរដ្ឋ និងបណ្តុះវប្បធម៌យោគយល់អធ្យាស្រ័យដើម្បីភាពសុខដុមរមនា ក្នុងរង្វង់ប្រជាពលរដ្ឋខ្មែរ។ អង្គភាពនេះ គ្រោងចេញជារូបរាងនៅឆ្នាំ២០២៣ ដើម្បីឈានទៅដាក់ឱ្យដំណើរនៅឆ្នាំ២០២៤។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីសន្និបាត​លើក​ទី ២៧ របស់​គណៈ​មេធាវីកម្ពុជាឯកឧត្តម កើត​  រឹទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងបិទបញ្ចប់អង្គពិធីដោយបញ្ជាក់ថា នាពេលបច្ចុប្បន្នក្រសួងយុត្តិធម៌កម្ពុជាកំពុងរៀបចំឯកសារទស្សនទាន ក្នុងការត្រៀមបង្កើតអង្គភាពវិជ្ជាជីវៈថ្មីមួយទៀតដែលហៅថា “សន្ធានការី” តាមរយៈយន្តការសន្ធានកម្ម ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ឯកឧត្តម កើត រឹទ្ធិ លើកឡើងពីមូលហេតុសំខាន់ពីរយ៉ាង ក្នុងកិច្ចការបង្កើតអង្គភាពសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ រួមមាន៖ ទី១. វាជាមូលដ្ឋានគ្រឹះនៃមរតកនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងទី២​. ដោយហេតុកម្ពុជាតែងមានវប្បធម៌យោគយល់អធ្យាស្រ័យដល់គ្នា។អង្គភាពសន្ធានការីនេះ នឹងដើរតួនាទីសម្របសម្រួលអាជីព ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ដើម្បីសម្របសម្រួលវិវាទជាចំណែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួបនេះ បន្ថែមថា យន្តការនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្អែកតាមសន្ធានកម្មនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋកម្ពុជា​ ដែលអាចសង្ខេបជារួមបីសំខាន់ៗ។ ឯកឧត្តម កើត រិទ្ធិ បានបញ្ជាក់ថា៖« ទី១. ការបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋនៅតាមទីជនបទ។ ទី២. ការរួមចំណែកកាត់បន្ថយការកកស្ទះសំណុំនៅតាមតុលាការ។ ទី៣. ផ្តល់នូវភាពសុខដុមរមនា នៃមហាគ្រួសារខ្មែរ ដែលគូភាគីទំនាស់ទទួលបានផលឈ្នះ-ឈ្នះ ទាំងអស់គ្នា»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាន គូសបានបញ្ជាក់ថា យន្តការសន្ធានកម្មអាចដោះស្រាយបានត្រឹមតែរឿងក្តីរដ្ឋប្បវេណី តួយ៉ាង ទំនាស់ដីធ្លី ភ្លឺស្រែ ទំនាស់គ្រួសារ និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាលតែប៉ុណ្ណោះ ហើយរាល់ការព្រមព្រៀងពីគូភាគីដែលសម្រេចតាមរយៈសន្ធានការី មានតម្លៃស្របច្បាប់យកទៅអនុវត្តបាន។ ចំណែកសមសភាគបុគ្គលដែលនឹងអាចក្លាយជាសន្ធានការីក្នុងការដោះស្រាយវិវាទនោះ ត្រូវមានសមត្ថភាពខ្ពស់ផ្នែកច្បាប់ រួមនឹងសមត្ថភាពនៃការសម្របសម្រួលប្រកបដោយភាពអំណត់ចំពោះគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម កើត រិទ្ធិបានបន្ថែមថា៖ «កិច្ចការនេះកំពុងស្ថិតក្នុងដំណាក់កាល នៃការរៀបចំតាក់តែងគោលនយោបាយច្បាប់លក្ខន្តិកៈមួយចំនួនទៀត ដែលអាចនឹងចេញរូបរាងនៅឆ្នាំ ២០២៣ ហើយ អាចនឹងអនុវត្តឆ្នាំ ២០២៤»។

ជុំវិញបញ្ហានេះដែរ មេធាវីផ្នែកសិទ្ធិមនុស្សចាស់វស្សារបស់កម្ពុជាលោក សុក សំអឿន យល់ឃើញថា វាជាការល្អក្នុងការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាក់លាក់នេះ ប៉ុន្តែលោកថា អាចល្អតែដំបូងហើយអាចមានវិបត្តិនៅថ្ងៃក្រោយ ដែលជាការទាញរឿងក្តីពីតុលាការ។

លោកមេធាវីរូបនេះ សង្កត់ធ្ងន់ថា កន្លងមករឿងក្តីតែងអូសបន្លាយក៏ដោយសារបច្ចេកទេសមេធាវីមួយចំនួននិងបញ្ហាអំពើពុករលួយក្នុងប្រព័ន្ធតុលាការមួយផ្នែកផងដែរ។ លោកសុក សំអឿនបញ្ជាក់ថា៖ បើមេធាវីគ្រប់គ្នាមានចិត្តផ្សះផ្សានោះ ក្តីវាឆាប់ចប់ទៅហើយ តែបើឆាប់ចប់។ អត់មានសេវាថ្លៃមេធាវី  ចំណែកតុលាការវិញក៏ពុករលួយ។

លោកសុក​ សំអឿន ពន្យល់បន្ថែមដោយលើកឧទាហរណ៍នៅប្រទេសហ្វីលីពីននិងថៃ។នៅហ្វីលីពីនដើម្បីកាត់បន្ថយសំណុំរឿងឡើងទៅតុលាការដោយបញ្ជូនទៅផ្សះផ្សាត្រឹមក្រុមប្រឹក្សាឃុំ ក្នុងករណីបទល្មើសកម្រិតស្ថានទម្ងន់ទោសអតិបរមាត្រឹមមួយឆ្នាំ ហើយជនរងគ្រោះ និង ជនជាប់ចោទរស់នៅក្នុងស្រុកជាមួយគ្នា។ ចំណែកថៃវិញ រដ្ឋាភិបាលថៃបានធ្វើច្បា់ដោយទទួលស្គាល់ការផ្សះផ្សារ ឬរបាយការណ៍ផ្សះផ្សារថ្នាក់ឃុំ សង្កាត់ ប្រៀបដូចជាច្បាប់អ៊ីចឹង សម្រាប់រឿងក្តីភាគច្រើនជារឿងរដ្ឋប្បវេណី។

សម្រាប់លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារសិទ្ធិមនុស្សអាដហុក(Adhoc) យល់ថា ជាការល្អនៅក្នុងកិច្ចការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប៉ុន្តែលោកសង្ឃឹមថា យន្តការអង្គភាពវិជ្ជាជីវៈសន្ធានការីរបស់ក្រសួងយុត្តិធម៌នេះនឹងអាចផ្តល់យុត្តិធម៌ដល់ពលរដ្ឋក្នុងប្រព័ន្ធផ្លូវច្បាប់មួយ ជាជាងទៅតាមគំនិងបុគ្គលមានអំណាច ដូចករណីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាកន្លងមក ដែលគ្មានបទដ្ឋានច្បាប់ត្រឹមត្រូវ។

គួររំឭកថា កន្លងមក ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រសួងយុត្តិធម៌​កម្ពុជា បានចេញ​សេចក្ដីសម្រេច​ចំនួនពីរ ដាច់ដោយឡែក​ពីគ្នា​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលា​ការជំនាញ​ក្នុងនោះ រួមមាន​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង​ពិសេស​ដាច់ដោយឡែក​ជុំវិញ​វិវាទ​ការងារ និង​ពាណិជ្ជកម្ម​ ក្រៅពីគម្រោងអង្គភាពដោះស្រាយតាមរយៈសន្ធាន។ ចំណែកក្រសួងមហាផ្ទៃវិញធ្លាប់បានបង្កើតយន្តការដើម្បីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋានដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner