ការប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មចូលកាន់តំណែង និងការផ្តាំផ្ញើរបស់ឧបនាយករដ្ឋមន្រ្តីដល់រដ្ឋមន្ត្រីកសិកម្មថ្មី

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាផ្លូវការនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ។ឯកឧត្តម ឌិត ទីណា ទទួលតំណែង ជារដ្ឋមន្រ្តី ខណៈដែលឯកឧត្តម វេង សាខុន អតីតរដ្ឋមន្រ្តី ទទួលតំណែងថ្មីជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

ក្នុងឱកាសនេះឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជូនគណៈអធិបតី ជូនភ្ញៀវចូលរួមក៏ដូចជាសារទៅកាន់ប្រជាពលរដ្ឋ អំពីប្តេជ្ញាខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី រួមគ្នាជាមួយ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងបរិបទដែលប្រជាពលរដ្ឋដែលកំពុងទទួលរងផល ប៉ះពាល់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ខិតខំប្រឹងប្រែងបន្តអនុវត្តគោលនយោបាយផែនការនិងយុទ្ធសាស្ត្រ ជាតិនានា ជាពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ដែលត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់និងគ្រប់ជ្រុងជ្រោយក្នុងស្មារតីបម្រើផលប្រយោជន៍
ពិតប្រាកដរបស់ប្រជាជន លើកកម្ពស់ជីវភាពប្រជាកសិករ ធានា បាននូវសន្តិសុខស្បៀងនិងលើកកម្ពស់ការនាំ ចេញ ដើម្បីចូលរួម អភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត។

សំដៅទៅលើទិសដៅការងារជាអាទិភាពឯកឧត្តម ឌិត ទីណា បានលើកឡើងបួនចំណុច។អ្វីដែលជាទិសដៅគឺ៖១.បន្ត ប្រមូល ផ្តុំកម្លាំង មធ្យោបាយ និងធនធានដែលក្រសួងមាន ដើម្បីចូលរួម សហការ ជាមួយស្ថាប័ន ពាក់ព័ន្ធពិនិត្យ និងដោះស្រាយផលប៉ះពាល់ បង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ ដែលបានបំផ្លាញផល ដំណាំរបស់ប្រជាជននៅតាម បណ្តាខេត្តជាច្រើនទូទាំងប្រទេស ដោយផ្ដល់ពូជស្រូវ និងដំណាំជាបន្ទាន់ ដើម្បីជួយប្រជាកសិករ យើងស្ដារការដាំដុះឡើងវិញ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ ខ្ពស់ បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី្រ ។
២.សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយអំពីបញ្ហាប្រឈមធំៗរបស់ប្រជាកសិករធុរជនវិនិយោគគិនព្រមទាំងអ្នកប្រើប្រាស់និងអ្នកទទួលទានដើម្បីផ្ដល់ដំណោះស្រាយជាក់ស្តែងនិងសមស្រប សម្រាប់ការបង្កើនចំណូល និងកាត់បន្ថយចំណាយប្រជា ពលរដ្ឋ និងកសិករតាមរយៈ ការបើកពង្រីកទីផ្សាបន្ថែម ពិសេស ទីផ្សារមានសក្ដានុពល ការផ្ដល់បច្ចេកទេសផលិត និងពូជ ផលិត ផល ដែលចំគោលដៅទីផ្សារ ការសម្រួលខ្សែច្រវាក់តម្លៃដោយ កាត់ បន្ថយនូវឈ្មួញកណ្ដាល។ទី៣. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការ អនុវត្ត មុខងារស្ថាប័ន និងតួនាទីភារកិច្ចរបស់មន្ត្រីគ្រប់ លំដាប់ថ្នាក់ ឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ដោយផ្តល់ឱកាសមធ្យោបាយ ការ លើកទឹកចិត្តនិងការបណ្តុះបណ្តាលសមត្ថភាពសមស្រប ឆ្លើយតប នឹងតម្រូវការជាក់ស្តែងនិងចំណុចទី៤. បង្កើនកិច្ចសហការជិតស្និទ្ធ ជាមួយគ្រប់ក្រសួងស្ថាប័នអាជ្ញាធរគ្រប់ លំដាប់ថ្នាក់និងគ្រប់ភាគី ពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ (ទាំងអ្នកដាំដុះ និងអ្នកទទួលទាន) និង អ្នក វិនិយោគក្នុងវិស័យកសិកម្ម ឱ្យបានកាន់តែល្អប្រសើរនិង ទាន់ ពេល វេលា។

ក្នុងឋានៈជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្ត មឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានផ្តាំផ្ញើដល់ ឯកឧត្តម ឌិត ទីណា លើចំណុចសំខាន់ចំនួនប្រាំមួយ។ ក្នុងនោះ ទី១. បន្ត ចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែង ដោយសារជំនន់ទឹកភ្លៀង លើដំណាំកសិកម្ម, សត្វពាហនៈ និង វារីវប្បកម្ម ជាពិសេស កំណត់ឲ្យច្បាស់លាស់ នូវទីតាំងខូចខាត, ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះដោយសហការ ជាមួយក្រសួង-ស្ថាប័នជាពិសេសរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស់។ទី២.បន្តធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងនូវការខូចខាត ដោយទឹកជំនន់ និង នាំយកពូជស្រូវ, ពូជដំណាំ, ពូជត្រី និងកង្កែបទៅចែក ជូនប្រជា កសិករ តាមខេត្តគោលដៅដែលរងផលប៉ះពាល់ដើម្បីឆ្លើយតប ទៅនឹងទំហំនៃការខូចខាតដំណាំកសិកម្ម,ផលិតកម្មសត្វនិងវារីវប្បកម្មដែលបានកើតមានឡើងកន្លងមក។ទី៣.ណែនាំដល់ថ្នាក់ ដឹកនាំ ក្រសួង, អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តចូលរួមសហការសម្រប សម្រួលធ្វើ ប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះនិងពន្លឿនការស្តារឡើងវិញនូវផលប៉ះពាល់នៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន។ទី៤. សហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់ គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ស្នើត្រៀមគ្រាប់ពូជ ស្រូវ និង ពូជដំណាំ រួមផ្សំផ្សេងទៀតឱ្យបានគ្រប់គ្រាន់ និងចាត់ចែងបញ្ចេញឱ្យ ទាន់ ពេល វេលា ទៅដល់គោលដៅចែកចាយ ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធជាពិសេសសហការ ជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិគោលដៅ និង ចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទសកម្មចុះជួយគាំទ្រ ការងារបច្ចេកទេស នៅពេលដាំដុះស្តារ ឡើងវិញ។ទី៥.ជំរុញអង្គភាពជំនាញឱ្យខិតខំយកចិត្តទុកដាក់ បន្តចុះ ពិនិត្យ តាមដានសុខភាពសត្វ, ការចាក់វ៉ាក់សាំងការពារជំងឺឆ្លង សត្វ ផ្សេងៗ និងទប់ស្កាត់ចលនាសត្វដោយខុសច្បាប់ នៅតាមបណ្តា រាជធានី-ខេត្តជាប់ជាប្រចាំរួមទាំងបទល្មើសជលផលនិង ព្រៃឈើផង ដែរនិងទី៦.ផ្តល់ការសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការ ប្រមូលទិន្ន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តាឡើងវិញ,អត្តសញ្ញាណ ជនរងគ្រោះ និងព័ត៌មានដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្ដារ និងផ្តល់ ជំនួយសង្គមផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបង្ហាញនូវជំនឿ យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ឌិត ទីណា និង ជាពិសេសដោយមានការគាំទ្រ និង កិច្ចប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-និយោជិត គ្រប់លំដាប់ថ្នាក់, ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង នេសាទ នឹងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើន ថែមទៀត ជូនជាតិមាតុភូមិ ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner