ពលរដ្ឋសង្កាត់ច្រាំងចម្រេះទី១ ទទួលបានប្រព័ន្ធលូ២ខ្សែពីអភិបាលខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ប្រព័ន្ធលូចាស់១ខ្សែ ដែលរងការខូចខាតបណ្ដាលឲ្យមានការកកស្ទះមិនអាចរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង សម្រាប់ប្រជាពលរដ្ឋ រស់នៅសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវនោះ បានចាប់ផ្ដើមជួសជុលស្ដាឡើងវិញហើយ និងបានទាំងការស្ថាបនាប្រព័ន្ធលូថ្មីបន្ថែម១ខ្សែទៀត ដោយចំណាយថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ប្រមាណ២៣០,០៥៩,០០០រៀល បើគតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមការចូលរួមក្នុងពិធីបើកការដ្ឋានជាផ្លូវការដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមការបញ្ជាក់ពីលោក ជា ពិសី ក្នុងពិធីដាក់ឲ្យដំណើរការបើកការដ្ឋានជួសជុលស្ដាឡើងវិញនូវប្រព័ន្ធលូបង្ហូរទឹក ប្រវែង២៥០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ និងការដាក់ឲ្យស្ថាបនាប្រព័ន្ធលូថ្មីបន្ថែម១ខ្សែទៀត ប្រវែង៦៦៣ម៉ែត្រ មុខកាត់០,៨០ម៉ែត្រ ដើម្បីរំដោះរាល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀង និងការប្រើប្រាស់ផ្សេងៗមានភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់ច្រាំងចម្រេះទី១នេះ គឺប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ប្រមាណជា២៣០,០៥៩,០០០រៀល ក្រោយពីថ្មីៗនេះ បើកការដ្ឋានស្ថាបនាផ្លូវបេតុង៤ខ្សែ ស្ដា និងដាក់ប្រព័ន្ធលូ៣ខ្សែ នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងស្ថាបនាផ្លូវបេតុង៣ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត នៅសង្កាត់ច្រាំងចម្រេះទី២។
ក្នុងពិធីបើកការដ្ឋានជួសជុលប្រព័ន្ធលូ និងផ្លូវ ជាមួយការស្ថាបនាផ្លូវ និងស្ថាបនាប្រព័ន្ធលូ ជាបន្តបន្ទាប់ទាំង៣សង្កាត់នេះ លោក ជា ពិសី បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនស្ទើរទូទាំងប្រទេស ក៏ព្រោះតែកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញបរិបូរណ៍ ពោលបើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំនីមួយៗ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍស្ថាបនាផ្លូវបេតុង លូរំដោះទឹកខ្វាត់ខ្វែង ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលសង្កាត់-ខណ្ឌ ដើម្បីបញ្ជៀសនូវរាល់ការលិចលង់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា លោក ជា ពិសី បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក២ខ្សែ ផ្លូវបេតុងអាមេ២ខ្សែ ដាក់ប្រព័ន្ធលូ២ខ្សែ និងស្ដាលូ១ខ្សែទៀត ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះការលិចលង់ ជូនប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ បន្ទាប់ពីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក១ខ្សែ ផ្លូវបេតុងគ្មានសរសៃដែក២ខ្សែ និងប្រព័ន្ធលូ១ខ្សែទៀត ជូនប្រជាពលរដ្ឋ រស់នៅក្រុម៨ ក្រុម៤ និងក្រុម៥ ភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ នៅព្រឹកថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងអាគារខ្ពស់ៗ ស្ពាន ផ្លូវជាតិ ស្ពានអាកាស និងស្ពានឆ្លងទន្លេស្ទើរទូទាំងប្រទេស ដោយសារតែមានសន្តិភាពពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ