ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន ៧មករា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Vanthoung) សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។
សូមជម្រាបថា ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណះលេខាមជ្ឈឹមបក្ស បានដឹកនាំគណប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីសវៀតណាម មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។
បើតាមការគ្រោងទុក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម VO VAN THOUNG នឹងដឹកនាំគណះប្រតិភូ ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។ ក្រៅពីនោះ ឯកឧត្តម VO VAN THOUNG មានជំនួបពិភាក្សាការងាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ, ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន, ចូលជួបសម្តែងការគួរសមចំពោះសម្តេចពញាចក្រី ហេង សំរិន, ជួបសម្តែងការគួរសមចំពោះលោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន, និងជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណះលេខាមជ្ឈឹមបក្ស មកកាន់កម្ពុជា នាពេលនេះ ក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕ ដោយ វណ្ណលុក
