អគ្គិភ័យឆាបឆេះក្រុមហ៊ុនផលិតស្បែកជើងដ៏ធំរបស់កូរ៉េខាងត្បូង នៅវៀតណាម

ហាណូយ៖ កម្មករបានរត់ចេញទៅរកកន្លែងមានសុវត្ថិភាព ខណៈភ្លើងបានឆាបឆេះ និងរាលដាលយ៉ាងឆាប់រហ័ស នៅក្រុមហ៊ុនផលិតស្បែកជើង ជាការវិនិយោគរបស់កូរ៉េខាងត្បូងឈ្មោះថា ឆាងស៊ីន (Changshin) ដែលជានិយោជកធំជាងគេ នៅខេត្ត Dong Nai ភាគខាងត្បូង ប្រទេសវៀតណាម។

អគ្គិភ័យនេះត្រូវបានកម្មករមួយចំនួន នៅក្រុមហ៊ុនដែលផ្គត់ផ្គង់ដល់ម៉ាក Nike មួយនេះ រកឃើញ នៅវេលាម៉ោង ៤រសៀល ហើយពួកគេបានរើចេញ ពីរោងចក្រយ៉ាងលឿន។ កម្លាំងសន្តិសុខ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ ប៉ុន្តែពួកគេមិនអាចពន្លត់ភ្លើងបានឡើយ ព្រោះថា រោងចក្រប្រើជ័រកៅស៊ូ និងផ្លាស្ទិចជាវត្ថុធាតុដើម ភ្លើងបានរាលដាលយ៉ាងឆាប់រហ័សពេញអគារ។ កម្មករត្រូវបានស្នើឱ្យបោសសម្អាតតំបន់នេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកពន្លត់អគ្គិភ័យចូលទៅបានកាន់តែងាយស្រួល។

នាយកដ្ឋាននគរបាលបង្ការ និងសង្គ្រោះអគ្គិភ័យ ខេត្ត Dong Nai បានបញ្ជូនអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ដើម្បីពន្លត់ភ្លើង ហើយភ្លើងបានរលត់អស់ ប្រមាណ៣០នាទី ក្រោយមក ដោយជួយសង្គ្រោះយានដ្ឋានជិតខាងពីការបំផ្លាញ។

បើទោះបីជាមិនមានមនុស្សបាត់បង់ជីវិតក្នុងភ្លើងនោះទេ ប៉ុន្តែ វត្ថុមានតម្លៃជាច្រើនត្រូវបានបំផ្លាញ។ យ៉ាងណាក៏ដោយ មូលហេតុនៃការឆេះនេះមិនទាន់កំណត់បាននៅឡើយទេ ។

ក្រុមហ៊ុន Changshin Vietnam បានដំណើរការរោងចក្រផលិតទំនិញស្បែក និងស្បែកជើង តាំងពីឆ្នាំ ១៩៩៥។ មានមនុស្សប្រហែល ៤ពាន់នាក់ នាក់ធ្វើការ នៅទីនោះដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាអ្នកវិនិយោគធំជាងគេនៅខេត្តភាគខាងត្បូង។
ប្រមាណជាបួនខែមុន អគ្គិភ័យបានឆាបឆេះរោង ជាង១០០០ម៉ែត្រការ៉េ របស់ក្រុមហ៊ុននេះដែរ បណ្តាលឲ្យខូចខាតអគារជាច្រើនខ្នង៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner