ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ បានប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ ហើយអាចផ្តល់ឱកាសការងារដល់យុវជនជាង ២ម៉ឺនកន្លែង
ភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ ហើយដែលគេរំពឹងថាបើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។
គួរបញ្ជាក់ថាក្នុងសនិ្នសីទសារព័ត៌មានស្តីអំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដែលបានរៀបចំឡើងនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២គេឃើញមានការចូលរួមពីសំណាក់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនិង ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងធនាគារកាណាឌីយ៉ា។ ព្រមទាំង តំណាង ក្រសួង ស្ថាប័ន ក្រុមហ៊ុន សិស្ស/និស្សិត ចំនួន ប្រមាណ ៤០០នាក់។
ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារបានថ្លែងឱ្យដឹងថាក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងរៀបចំឡើងពីរថ្ងៃពោលគឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ ២០២២នៅមជ្ឈមណ្ឌលពិព័រណ័កោះពេជ្រ នឹងមានវិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។
ឯកឧត្តមបានបញ្ជាក់បន្ថេមថា” ក្នុងព្រឹត្តិការណ៍នេះ រំពឹងថាមានអ្នកស្វែងរកការងារដែលមានសក្ដានុពលចូលរួមដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងពិព័រណ៍តែម្តងចំនួនប្រមាណ ៣ ម៉ឺននាក់ ផងដែរ។ បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ”។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ បានថ្លែងឱ្យដឹងដែរថា ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។
ដោយឡែក លោក កាំងម៉ូនីកា អគ្គលេខាធិការរងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជាឬហៅថា (GMAK)បានឱ្យដឹងថាវិស័យឧស្សាហកម្មនៅកម្ពុជាបានទួលការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយវិស័យមួយនេះក៏មានចំណែកស្រូបទាញកម្លាំងយុវជនយ៉ាងច្រើននៅកម្ពុជា។ លោកបានចាត់ទុកថាមុខជំនាញវិជ្ជាជីវៈគឺជាវិស័យមួយដ៏ល្អសម្រាប់យុវជន ដែលត្រូវសិក្សាស្វែងយល់ និងរៀនសូត្រដើម្បីបង្កើតមុខរបរសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។
ដោយឡែក លោក សុំ មនោរម្យ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានថ្លែងដោយជំរុញឱ្យយុវជនសិក្សាស្វែងយល់ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ដោយសារថ្ងៃនេះគឺជាការជួបជុំដោយក្រុមហ៊ុន និងអ្នកជំនាញដែលសិស្សនិស្សិតអាចសិក្សាស្វែងយល់ ហើយអាចមានឱកាសការងារនឹងកន្លែងផ្ទាល់ ។
លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖សហភាពសហព័ន្ធយុវជនកម្ពុជាបច្ចុប្បន្នបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមនុស្សជំនាន់ថ្មីប្រកបដោយសមត្ថភាព និងគុណភាពសម្រាប់បម្រើប្រទេសជាតិ។
គួរបញ្ជាក់ថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីរំពឹងមុតមាំថាពិព័រណ៍ការងារនិងផលិតភាពជាតិនេះអាចចូលរួមចំណែកដោះស្រាយ ភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ តាមរយៈវិធានការដូចជា ៖ប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មជាសាធារណៈយ៉ាងទូលំទូលាយសំដៅបំពេញកង្វះខាតនៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មានទីផ្សារការងារ ដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស ។
រៀបចំឲ្យអ្នកស្វែងរកការងារជួបផ្ទាល់ជាមួយនិយោជក ដើម្បីផ្តល់ឱកាសដល់យុវជនបានដាក់ពាក្យ, បង្កើនជម្រើសការងារដែលចង់បំពេញ, ស្វែងយល់ពីអនាគតនិយោជក, ព្រមទាំងត្រៀមខ្លួនចូលការងារបានកាន់តែល្អប្រសើរ និងប្រកួតប្រជែងទាន់ពេលវេលា ដោយអាចដាក់ពាក្យភ្លាម សម្ភាសការងារភ្លាមៗ ។ ផ្ដល់ការប្រឹក្សាយោបល់អាជីព ការងារ និងជំនាញ ដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង ។
បង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងបណ្តុះផ្នត់គំនិតអំពីការបង្កើនផលិតភាព ដល់និយោជក និងកម្មករនិយោជិត តាមរយៈសិក្ខាសាលាស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ។បង្កើនទំនាក់ទំនង និងភាពជាដៃគូក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ចឱ្យមានតុល្យភាព និងនិរន្តរភាពកាន់តែប្រសើរ ៕ ដោយ៖ម៉ាដេប៉ូ
