រដ្ឋមន្ត្រីក្រសួងការងារយល់ថាអាស៊ានគួរពង្រឹងសុខសុវត្ថិភាព និងសុខភាពការងារសម្រាប់បណ្តារោងចក្រសហគ្រាសធុនតូចនិងមធ្យម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាយល់ថា តំបន់អាស៊ានគួរយកចិត្តទុកដាក់លើការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅតាមរោងចក្រសហគ្រាសធុនតូចនិងមធ្យម(SMEs) ដើម្បីភាពរីកលូតលាស់នៃសេដ្ឋកិច្ចអាស៊ាន ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាការចងក្រងឯកសារនៃឧត្តមានុវត្តន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម(SMEs) ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។

លោកអ៊ិត សំហេង គូសបញ្ជាក់តាមរយៈស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ ដែលបង្ហាញថា វិស័យសហគ្រាសធុនតូច និងមធ្យម មានច្រើនលើសលប់បំផុតក្នុងពិភពលោក ខណៈក្នុងតំបន់អាស៊ាន វិស័យ SMEs នេះបានគ្របដណ្តប់ក្នុងចន្លោះពី ៩៧ភាគរយ ទៅ៩៩ភាគរយ នៃសហគ្រាសសរុប ដែលបានទាញយកកម្លាំងពលកម្មសរុបប្រមាណចន្លោះទី ៦០ភាគរយ ទៅ ៨០ភាគរយ ។លោកថា សហគ្រាសទាំងនេះ ជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជា ប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា៖« សេដ្ឋកិច្ចក្នុងប្រព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោល នយោបាយចំពោះសហគ្រាសធុនតូច និងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ »។

ឯកឧត្តម អ៊ិត សំហេង បញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាបានជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗក្នុងការផ្តល់សេវា និងការធានាអនុលោមភាពតាមបទបញ្ញត្តិផ្សេងៗទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលមានដូចជា ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងកង្វះខាតការយល់ដឹងផ្នែកសុវត្ថិភាពការងារនៅកន្លែងធ្វើការជាដើម។

លោកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបញ្ជាក់ថា សម្រាប់ទិដ្ឋភាពលក្ខខណ្ឌកម្ពុជា ក្នុងកិច្ចគាំពារសុវត្ថិភាពនិងសុខភាពការងារនេះ កម្មករនិយោជិតទទួលបានតាមរយៈក្របខណ្ឌបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ។ សម្រាប់បណ្តាសហគ្រាសទាំងធុនតូច មធ្យម និងខ្នាតធំ ឲ្យតែមានបុគ្គលិកចាប់ពីប្រាំបីរូប ឡើងទៅបណ្តាសហគ្រាសទាំងនោះអាចស្នើចុះបញ្ជីសុំសេវាកម្មរបបបេឡាជាតិសន្តិសុខសង្គមនេះបានហើយ។

លោកស្រីបន្ថែមថា នៅពេលកម្មករនិយោជិតមានបញ្ហាសុខភាព ឬគ្រោះថ្នាក់នៅអំឡុងពេលបំពេញការងារ កម្មករនិយោជិតអាចទទួលបានសេវាកម្មថែទាំសុខភាពពីបណ្តាមន្ទីរពេទ្យរដ្ឋ និងដៃគូររបស់ ប.ស.ស. បានហើយ ប៉ុន្តែ លោកស្រីមើលឃើញថា កញ្ចប់សេវាកម្មរបស់ ប.ស.ស. របស់រដ្ឋាភិបាលដែលមានសេនាធិការពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនេះនៅមានកម្រិតនៅឡើយ។

ប្រធានសម្ព័ន្ធសហជីពរូបនេះ លើកឡើងពីបញ្ហានានាដែលកើតឡើង នៅពេលកម្មករនៅប្រើប្រាស់កញ្ចប់សេវាប.ស.ស. ដោយមន្ទីរពេទ្យជាដៃគួខ្លះផ្តល់សេវាមិនដិតដល់ មានការរើសអើងដល់កម្មករ និងខ្វះខាតឧបករណ៍សម្រាប់អ្នកជំងឺដែលប្រើប្រាស់ ប.ស.ស. ជាដើម។ លោកស្រីយ៉ាង សោភ័ណ្ឌ៖ «វាមិនសូវមានប្រសិទ្ធិភាពប៉ុន្មានឡើយ ដូច្នេះបង្ខំឱ្យកម្មករប្រើប្រាស់ថវិការផ្ទាល់ខ្លួនដដែល ដើម្បីទទួលបានសេវាកម្មថែទាំសុខភាពបានដិតដល់ »។

លោកស្រីយ៉ាង សោភ័ណ្ឌ ស្នើឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកែប្រែនិងលើកកម្ពស់កិច្ចការគាំពារសុវត្ថិភាព និងសុខភាពការងារដល់កម្មករនយោជិត តាមរយៈយន្តការពីរចំណុចគឺទី១. លោកស្រីចង់ឱ្យផ្នែកអធិការកិច្ចការងារចុះទៅត្រួតពិនិត្យនិងវាយតម្លៃលក្ខខណ្ឌការងារឱ្យបានច្បាស់លាស់នៅតាមបណ្តារោងចក្រសហគ្រាសមិនថាធុនតូច ធុនមធ្យម និងធុនធំឡើយ ដើម្បីកំណត់បានការឆ្លើយតបដ៏ត្រឹមត្រូវពីបណ្តាសហគ្រាសទៅលើកម្មករ និង ទី២. ស្នើឱ្យមានការពង្រឹងសេវាកម្មនៅតាមបណ្តាមន្ទីរពេទ្យនិងដៃគូររបស់ ប.ស.ស. ដើម្បីឆ្លើយតបតម្រូវការពិតប្រាកដដល់កម្មករនិយោជិត។

ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យSME រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ៥ចំណុច។រួមមាន៖ ទី១. លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ទី២. លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ ទី៣. ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមទិដ្ឋភាពច្បាប់។ ទី៤. ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិង ទី៥. លើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner