សហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ចំពោះការផ្ដល់សព្វាវុធឱ្យរុស្ស៊ីយកទៅប្រើនៅអ៊ុយក្រែន
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបមួយចំនួនកាលពីថ្ងៃចន្ទទី ១៧ ខែតុលា បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការផ្ដល់ដ្រូនទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើនៅអ៊ុយក្រែន ខណៈប្លុកនេះយល់ព្រមគ្នា លើការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទការធ្វើដំណើររបស់មន្រ្តីអ៊ីរ៉ង់ ជុំវិញការបង្ក្រាបក្រុមបាតុករនៅទីក្រុងតេអេរ៉ង់។
ការអំពាវនាវគ្នានេះ ធ្វើឡើងបន្ទាប់ពីក្រុងកៀវបានរាយការណ៍ថា រុស្ស៊ីវាយប្រហារទីក្រុងនានារបស់ខ្លួន ដោយប្រើដ្រូន Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ អ៊ុយក្រែន ទាមទារថា ក្រុងតេអេរ៉ង់ត្រូវទទួលខុសត្រូវចំពោះការសម្លាប់ជនជាតិអ៊ុយក្រែន ហើយអះអាងទៀតថា រុស្ស៊ីបង្កើនការដាក់ពង្រាយដ្រូនអ៊ីរ៉ង់ ដើម្បីកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កន្លងមក ប្រទេសអ៊ីរ៉ង់បានបដិសេធចំពោះការចោទប្រកាន់ថា ខ្លួនផ្គត់ផ្គង់ដ្រូនឱ្យរុស្ស៊ី ខណៈវិមានក្រឹមឡាំង ក៏មិនបានបកស្រាយយ៉ាងណាដែរ។ ប៉ុន្តែសហភាពអឺរ៉ុប កំពុងតែពិភាក្សាជុំវិញបញ្ហានេះ ដោយប្រមូលភស្តុតាងបន្ថែម មុននឹងសម្រេចចិត្តដាក់ទណ្ឌកម្មអ៊ីរ៉ង់។
ប្រធានអ្នកការទូតសហភាពអឺរ៉ុបលោក Josep Borrell បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃចន្ទ ជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្លុក ក្នុងក្រុងលុចសំបួរ ថា៖ «យើងកំពុងប្រមូលភស្តុតាង ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីប្រតិកម្មដោយប្រើអ្វីដែលយើងមាន»។
លោកបន្តថា៖ «ដំណើរការ [ទណ្ឌកម្ម] ទាំងនេះ ត្រូវតែផ្អែកលើភស្តុតាង។ យើងមានភស្តុតាង ដែលផ្ដល់ដោយសេវាស៊ើបការណ៍សម្ងាត់ពាក់ព័ន្ធ។ ដូច្នេះ ខ្ញុំមិនគិតថានឹងមានបញ្ហាណាមួយ ក្នុងការចេញសកម្មភាពរួមគ្នានាពេលអនាគតពីរដ្ឋជាសមាជិកនោះទេ»។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បានប្រាប់កាសែត Financial Times បន្ទាប់ពីកិច្ចប្រជុំដូចគ្នាថា៖ «រដ្ឋសមាជិកមួយក្រុមធំ បានពេញចិត្តនឹងការដាក់ទណ្ឌកម្ម។ ភស្តុតាងទាំងអស់ ឬអ្វីៗទាំងអស់ ដែលយើងបានឃើញ បង្ហាញយ៉ាងច្បាស់អំពីការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់»។
ចំណែក រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Urmas Reinsalu វិញ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ «ខ្ញុំគិតថាវា (ទណ្ឌកម្មថ្មី) គួរតែត្រូវបានដាក់ភ្លាមៗ»។ លោក Reinsalu បានបន្តថា របាយការណ៍របស់ទីក្រុងកៀវ ស្តីពីប្រភពដើមនៃដ្រូនអ៊ីរ៉ង់ គួរមានការយកចិត្តទុកដាក់ឱ្យខ្លាំង ហើយការដាក់ទណ្ឌកម្ម គឺជាការបង្ហាញថា ទង្វើរបស់អ៊ីរ៉ង់មានផលវិបាក»។
ជាមួយគ្នានេះផងដែរ បារាំង និងអាល្លឺម៉ង់ ដែលជាភាគីពីរនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរជឿថា ការដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងការផ្ដល់ដ្រូនអ៊ីរ៉ង់ទៅឱ្យរុស្ស៊ី មានភាពចាំបាច់ ព្រោះវារំលោភទៅលើការសម្រេចចិត្តរួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងការពិភាក្សាគ្នាជុំវិញបញ្ហានេះនៅថ្ងៃចន្ទ ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ក៏បានព្រមព្រៀងគ្នាផងដែរ លើការដាក់ទណ្ឌកម្មបុគ្គលជនជាតិអ៊ីរ៉ង់ចំនួន ១១ នាក់ និងស្ថាប័នចំនួនបួន រួមទាំងប្រធានប៉ូលីសសីលធម៌អ៊ីរ៉ង់ ដោយបិទការធ្វើដំណើរទៅអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ចំពោះការបង្រ្កាបបាតុកម្មតវ៉ាដោយសន្តិវិធី ដែលផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini ក្នុងមន្ទីរឃុំឃាំងកាលពីពាក់កណ្ដាលខែកញ្ញា។
ប៉ុន្តែក្រុងតេអេរ៉ង់ ដែលចោទលោកខាងលិច រួមទាំងសហភាពអឺរ៉ុប ថាធ្វើឱ្យប្រទេសរបស់ខ្លួនធ្លាក់ក្នុងភាពចលាចលនោះ បានអះអាងថា ខ្លួនគ្រាន់តែចេញសកម្មភាពឆ្លើយតប ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់របស់ប្រទេសប៉ុណ្ណោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ EU slaps human rights sanctions on Iran, warns of more over Ukraine