សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការ រវាងខេត្ត នៅតាមព្រំដែនកម្ពុជា-វៀតណាម និងផ្តោតលើសេដ្ឋកិច្ច សន្តិសុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅប្រតិភូជាន់ខ្ពស់ បក្ស កុម្មុយនីស្តវៀតណាម ពីការងារជាអាទិភាពរវាងកម្ពុជា-វៀតណាម នោះគឺការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិង ខេត្ត តាមព្រំដែន ជាពិសេស សម្រួលដោះស្រាយការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ធឿង (VO VAN THOUNG) សមាជិក ការិយា ល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខា មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបឯកឧត្តម វ៉ូ វ៉ាន់ធឿង បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបាន គោរពវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងការអភិវឌ្ឍ របស់ កម្ពុជា។

ឯកឧត្តម វ៉ូ វ៉ាន់ធឿង បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម និងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺស្រប ពេលជាមួយនឹងខួប ៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និង វៀតណាម ផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពតផង។

ឯកឧត្តមបន្តថា ទិសដៅសំខាន់របស់ឯកឧត្តម និងប្រតិភូទាំងមូល គឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្ស និងរវាង ប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ក្នុងន័យនេះ ឯកឧត្តម បាន គោរព សូមគោលការណ៍ពីសម្ដេចតេជោ ៖ទី១ .ជំរុញទំនាក់ ទំនងរវាងបក្សនិងបក្ស ឱ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង ។ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ។
ទី៣. ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។
ទី៤. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។
ទី៥. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម និងទី៦ ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និង ពិភពលោក ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម វ៉ូ វ៉ាន់ធឿង ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ។ សម្ដេច ក៏បានគាំទ្រ ចំពោះសំណើទាំង ៦ចំណុច របស់ឯកឧត្តម វ៉ូ វ៉ាន់ធឿង ផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ ល។

សូមជម្រាបថា ឯកឧត្តម វ៉ូ វ៉ាន់ធឿង (VO VAN THOUNG) សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍ នៃគណះលេខាមជ្ឈឹមបក្ស បានដឹកនាំគណប្រតិភូជាន់ខ្ពស់ គណបក្សកុម្មុយនីសវៀតណាម មកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner