បុរសម្នាក់ ត្រូវតុលាការកំពូល តម្កល់ទោស ជាប់ពន្ធនាគារ ២៨ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង ៤គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានតម្កល់ទោស បុរសម្នាក់ ជាជនជាប់ចោទ ជាប់គុក កំណត់ ២៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នាពេលកន្លងទៅ។ ក្នុងនោះគោលដៅ ទី១: នៅចំណុចផ្ញើអីវ៉ាន់ក្រុមហ៊ុនវីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងគោលដៅ ទី២: នៅលំនៅឋាន ផ្ទះលេខ១០ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក គង់ ស្រ៊ីម បានឱ្យដឹងថា ជនជាប់ចោទម្នាក់ខាងលើមាន ឈ្មោះ មាន ហ៊ុន សារ៉េត ភេទប្រុស ៣០ឆ្នាំ រស់នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌកេងកង រាជធានីភ្នំពេញ។

ក្នុងសំណុំរឿងនេះ ជនជាប់ចោទ ហ៊ុន សារ៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ កាត់ទោសដាក់ពន្ធនាគារ កំណត់ ២៨ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៥០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: “ផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ មាត្រា៤៧ មាត្រា៤៨ និងមាត្រា៣៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម “។ តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដែល។ គាត់ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ ទួលស្វាយព្រៃ ខណ្ឌកេងកង រាជធានីភ្នំពេញ។ ក្រោយចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចជំនាញ ដកហូតយកបាន គ្រឿងញៀន ជាប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សរុប ៤១១៤ក្រាម, សារធាតុញៀន ជាប្រភេទ កេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម, សារធាតុញៀន ជាប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ២១.១០ក្រាម ដែលមានសារធាតុញៀន សរុប ៤,១៤៧.៤០ក្រាម, ម៉ូតូចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner