ក្រសួងការងារ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស (CLMTV) កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម”។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិកគណៈប្រតិភូនៃក្រសួងទទួលបន្ទុកវិស័យការងារ ប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម តំណាងលេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរជាច្រើននាក់ផងដែរ នាព្រឹកថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

មានប្រសាសន៍នោះដែរ ឯកឧត្តម អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីគោលបំណងដ៏ចម្បងរបស់សន្និសីទ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស( CLMTV) ដូចតទៅ៖ លើកកម្ពស់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងប្រទេស (CLMTV) ដើម្បីជំរុញឱ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស (CLMTV) ពាក់ព័ន្ធនឹងការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាពនៃរបបសន្តិសុខសង្គមពិភាក្សាឱ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមនាពេលអនាគត យើងធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយសម្រាប់ប្រទេស (CLMTV) ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍។ ឯកឧត្តម បន្តថា តាមរយៈប្រធានបទនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដូចជាក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣) ដែលបានផ្តល់ការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករទេសន្តរប្រវេសន៍។

ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ (ASEAN Declaration on the Protection and Promotionof the Rights of Migrant Workers) និងបានចេញឯកច្ឆន្នភាពអាស៊ាន ស្តីពីការការពារ និងការលើក nywnungiu (ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។

ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងក្របខ័ណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការប្រទេសទាំង៥នេះ។

តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាមយើងបានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្តួចផ្តើមគំនិតមួយចំនួន ជាអាទិ៍ (១) សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (២) ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV (៣) បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្ដើមអំពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (៤) ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេស CLMTV_ស្ដីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (៥)ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ (៦) ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការសម្របសម្រួលរវាងស្ថាប័នទទួលបន្ទុករបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTVជាដើម៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner