អភិបាលរងខេត្តកំពង់ស្ពឺថ្លែងថា ការកសាងផែនការវិនិយោគបីឆ្នាំរំកិល របស់ស្រុក និងឃុំ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ ការកសាងផែនការវិនិយោគបីឆ្នាំរំកិលរបស់ស្រុក និងឃុំ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអនុវត្តកំណែទម្រង់នានា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា។ នេះជាការលើករបស់លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺក្នុងឱកាសបើកអង្គសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ នៅសាលាស្រុកសំរោងទង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

លោក ស៊ឹម រតនៈ បានលើកឡើងថា ការរៀបចំកម្មវិធីសិក្ខាសាលាសមាហរណកម្មគឺជាវេទិកាសម្របសម្រួលការអភិវឌ្ឍន៍ដែលបានផ្តល់ឱកាសដល់មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សប្បុរសជននានារួមទាំងវិស័យឯកជន បានជជែកពិភាក្សា ចរចារ ដើម្បីលើកស្ទួយឱ្យកានតែប្រសើរឡើងនូវកិច្ចដំណើរការអភិវឌ្ឍន៍របស់យើងឱ្យបានចំទិសដៅ ឆ្លើយតបបានទៅតាមតម្រូវការជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន។សិក្ខាសាលានេះដែរក៏និងបង្ហាញអំពីការគាំទ្រគម្រោង សកម្មភាពរបស់ស្រុកនិងឃុំដែលពុំមានថវិកាអនុវត្ត និងដើម្បីបន្ស៉ីគ្នារវាងគម្រោងសកម្មភាពវិនិយោគរវាងស្រុក និងឃុំ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ពីសារៈសំខាននៃអង្គសិក្ខាសាលានេះដែរថា ការបង្កើតឱ្យមានអង្គសិក្ខាសាលានេះឡើងគឺដើម្បីរួមគ្នាពិនិត្យនិងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយនិងជួយគាំទ្រគម្រោងជាអាទិភាពនានាក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកនិងឃុំសម្រាប់ឆ្នាំ២០២៣-ឆ្នាំ២០២៥។

ជាមួយនិងការចូលរួមនេះដែរអភិបាលរងខេត្តបានធ្វើការណែនាំឱ្យមន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ផ្តល់ការអនុវត្តនៅឆ្នាំ២០២៣ ឱ្យបានសម្រេចតាមចំនួនកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលបានគាំទ្រនោះដោយធ្វើការសហការជាមួយស្រុកនិងឃុំឱ្យបានជិតស្និត។ ប្រើប្រាស់ឱ្យអស់លទ្ធភាពធនធានផ្សេងៗដែលបានពីថ្នាក់ជាតិតាមរយៈក្រសួងឬធនធានដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ អន្តរជាតិ សប្បុរសជននិងពីប្រភពផ្សេងៗដើម្បីឆ្លើយតបគាំទ្រគម្រោងសកម្មភាពក្នុងកម្មវិធីវិនិយោគជាអាទិភាពរបស់ឃុំ។ ត្រូវបន្តនិតិវិធីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកនិងឃុំ ហើយទន្ទឹមនិងនេះត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំនិងជ្រើសរើសគម្រោងដែលត្រូវប្រើប្រាស់មូនិធិរបស់ឃុំដើម្បីដោះស្រាយបញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋ ៕ ដោយ៖ម៉ុន សំអាត

