អាស៊ាន និងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ​ជាលើកដំបូង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN,អាស៊ាន) និងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ខែតុលាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសលើគ្រប់ជ្រុងជ្រោយ (ASEAN-EU CATA) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍អាស៊ានលើកទី ២៨ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

គេហទំព័រវីអូវី(VOV)របស់ប្រទេសវៀតណាមផ្សាយថា កិច្ចព្រមព្រៀងនឹងបង្កើនការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាននិងអឺរ៉ុប បង្កលក្ខណៈងាយស្រួលដល់ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទាំងពីរក្រោយជំងឺរាតត្បាត។ក្រោយពីចុះហត្ថលេខា ភាគីនានានឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យចូលជាធរមានជាផ្លូវការ។

ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍ និងដឹកជញ្ជូនអាស៊ានលើកទី ២៨ រដ្ឋមន្ត្រីគមនាគមន៍ និងដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya Sumadi បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងបង្កើតកម្លាំងរស់សម្រាប់ខឿនសេដ្ឋកិច្ចសកលជាពិសេសគឺនៅតំបន់អាស៊ាន និង សហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបើកឱកាសដ៏ធំធេងដល់ក្រុមហ៊ុនអាកាសចរណ៍របស់អាស៊ាន និងសហភាពអឺរ៉ុប ក្នុងការធ្វើអាជីវកម្មលើសេវាកម្មអ្នកដំណើរ និងទំនិញរវាងភាគីទាំងពីរ និងក្រៅតំបន់។

កិច្ចព្រមព្រៀងនេះក៏ជួយបង្កើនការស្ដារការតភ្ជាប់ផ្លូវអាកាសរវាងតំបន់ទាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងផ្ដល់គោលដៅមកដល់ ការហោះហើរ និងជម្រើសធ្វើដំណើឲ្យកាន់តែច្រើនថែមទៀតរវាង អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។

កិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍អាស៊ានលើកទី ២៩ នឹងប្រព្រឹត្តិទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាឆ្នាំ ២០២៣ ខាងមុខផង៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner