ក្រសួង​សុខាភិបាល​ព្រមាន​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ប្រើ​ប្រាស់​ផលិត​​ផល​គ្រឿង​សម្អាង​ដែលគ្មានការទទួលស្គាល់ពីស្ថាប័នជំនាញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មាន​ប្រាប់ទៅ​ប្រជាពលរដ្ឋ​ទាំង​អស់កុំ​ឱ្យ​​ប្រើ​ប្រាស់​ផលិត​​ផល​គ្រឿង​សម្អាង​លក់​នៅ​អនឡាញ ដែល​មិន​មាន​លេខ​ប្រវេទន៍ ទទួល​ស្គាល់​​ពី​ក្រសួង​សុខាភិបាល។

ផលិត​ផល​គ្រឿង​សម្អាងទាំង​​នោះ​មាន​ដូចជា La Roche-Posay Anthelios Dry Touch និង La Roche-Posay CAMBO ដែល​ជា​ផលិត​ផល​មិន​មាន​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល ហើយ​ត្រូវ​តែ​បញ្ឈប់​ការ​លក់ និង​ចែក​ចាយ​ជា​បន្ទាន់។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ២០២២។

សេចក្ដី​ប្រកាស​ព័ត៌​មាន​ដដែល​បាន​បន្ត​ថា ក្រសួង​​នឹង​ចាត់​វិធាន​ការនិង​រឹត​បណ្តឹង​ទៅ​តាម​ផ្លូវ​​ច្បាប់​ចំពោះ​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ឈ្មោះ La Roche-Posay in Phnom Penh និង​អ្នក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​បាន​ចែក​ចាយ ផ្សព្វ​ផ្សាយ និង​លក់​ផលិត​ផល​នេះ។

ជុំ​​វិញ​រឿង​នេះលោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​ប្រាប់​ថា​ចំពោះ​ផលិត​ផល​គ្រឿង​សម្អាង​ថែរក្សា​ស្បែក គឺ​មាន​បែង​ចែក​ជា​ពីរ​ប្រភេទទីមួយ៖ «គឺ​ប្រភេទ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ដូចជា ប្រទេសថៃ កូរ៉េ វៀតណាម និងប្រទេសចិន។ ចំណែក​ប្រភេទ​ទីពីរ៖ តាម​ដែល​លោក​សិក្សា គឺ​ប្រភេទ​គ្រឿង​សម្អាង​ដែល​លាយ​នៅ​ក្នុង​ស្រុក ដែល​មាន​អាជីវករ​មួយ​ចំនួន ពួគ​គាត់​បាន​លាយ​ផលិត​ផល​គ្រឿង​សម្អាង​ថែរក្សា​សម្រស់​ដូចជា ឡេ​លាប​ឲ្យ​ស​ស្បែក និង​ឡេ​ឲ្យ​ស​មុខ​ជា​ដើម»។

លោក នុត សម្បត្តិបន្តថា៖ «ដូច្នេះ​ផលិត​ផល​គ្រឿង​សម្អាង តុប​តែង​នាំ​ចូល​ក្ដី និង​ផលិត​ក្នុង​ស្រុក​ក្ដី បើ​កាល​ណា​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល មាន​ន័យ​ថា​ជា​របស់​ខុស​ច្បាប់ ពីព្រោះ​ថា​មិន​មាន​ការ​បញ្ជាក់​ពី​គុណ​ភាព បញ្ជាក់​ពី​ភាព​ផល​ប៉ះ​ពាល់​ចំពោះ​មុខ និង​យូរ​អង្វែង»។

លោក​បន្ត​ថា អ៊ីចឹង​វា​ជា​វត្ថុ​មួយ​ដែល​មិន​អាច​ប្រើ​ប្រាស់ ហើយ​ប្រជា​ពលរដ្ឋ​យើង​ក៏​មិន​គួរ​ទិញ​យក​មក​ប្រើ​ប្រាស់​ដែរ ពីព្រោះ​ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​វា​ក៏​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដូចជា ធ្វើ​ឱ្យ​ខូច​ស្បែក​ ខូច​សម្រស់ និង​ប៉ះ​ពាល់​សុខភាព ហើយ​ត​ទៅ​មុខ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ស្បែក អាច​នឹង​ស្លាប់​ក៏​មាន​ដែរ»។

លោក សម្បត្តិ  បន្ថែមថាក្រសួង​សុខាភិបាល ក្រសួង​មហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង​ពាណិជ្ជ​កម្មដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់​គ្រង និង​អនុញ្ញាត​ឱ្យ​មាន​អាជីវ​កម្ម​តាម​អនឡាញ​ហ្នឹងហើយ​បើ​មាន​ករណី​មិន​ប្រក្រតី​ណា​មួយ​អាច​ធ្វើ​អាជីវកម្ម​បាន នោះបាន​ន័យ​ក្រសួង​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​នេះ គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។

ចំណែក​លោក ផាន អូន អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ក.ប.ប បាន​​ប្រាប់​​ថា លោក​កំពុង​ជាប់​ប្រជុំ​ ដោយ​ឲ្យ​លើក​សំណួរ​នេះ​ទៅ​សួរ​ខាង​ក្រសួង​សុខាភិបាល។

សូម​បញ្ជាក់​ថា កន្លង​មក​ក្រសួង​សុខាភិបាល​បាន​បន្ត​រក​ឃើញ​គ្រឿង​សម្អាង​មួយចំ​នួន​ដែល​មិន​បាន​ចុះ​លេខ​ប្រវេទន៍​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខាភិបាល ហើយ​បាន​ធ្វើ​ទីផ្សារ​លក់​នៅ​លើ​អន​ឡាញ៕ ដោយ៖ ជា សុខនី

ads banner