រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ជំរុញឱ្យយុវជនរៀនជំនាញបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះបានចេញលិខិតផ្លូវការមួយដោយអំពាវនាវនិងការលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ នេះជាលិខិតដ៏កម្រមួយរបស់រដ្ឋមន្ត្រីដែលផ្ញើទៅកាន់សិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនាពេលខាងមុខ។
រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត លើកឡើងក្នុងលិខិតផ្លូវការថា ៖ «តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឲ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
លោកបន្ថែមថា ៖«ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល លោកសូមអំពាវនាវ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក»។
លោករដ្ឋមន្ត្រីអះអាងទៀតថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណាក្ដី ឯកឧត្តម ជា វ៉ាន់ដេតមិនបានបង្ហាញពីឱកាសអាហារូបករណ៍សម្រាប់សិស្សនិសិត្ស ដែលក្រសួងមួយនេះគ្រោងនឹងផ្ដល់ជូននោះឡើយ។ក្រសួងប្រៃណីយ៍មាន
គ្រឹះស្ថានបណ្ដុះបណ្ដាលរបស់ខ្លួន ដែលបណ្ដុះបណ្ដាលជំនាញឯកទេសឌីជីថល រហូតដល់ថ្នាក់បរិញ្ញាបត្រ។
សម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥និងទី០៦ខែធ្នូ។ហើយលទ្ធផលប្រលងបាក់ឌុបគ្រោងប្រកាសនៅចុងខែធ្នូឆ្នាំ២០២២៕ ដោយ៖ វណ្ណ ស័ក្តិ