របាយការណ៍ថ្មី៖ ក្រុមហ៊ុនហិរញ្ញវត្ថុកំពូលៗ របស់ពិភពលោកនៅតែបន្តចំណែកបំផ្លាញព្រៃឈើ

អន្តរជាតិ៖ ស្ថាប័នហិរញ្ញវត្ថុធំៗរបស់ពិភពលោកនៅតែបង្កើនការគាំទ្ររបស់ខ្លួនដល់ក្រុមហ៊ុនក្នុងវិស័យ​កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី។ក្រុមហ៊ុនទាំងនោះ គឺមានចំណែកទទួលខុសត្រូវ ចំពោះការកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២១។​ នេះបើតាមការសិក្សាថ្មីមួយ ដែលចេញផ្សាយ នៅថ្ងៃអង្គារ ទី១៨ ខែតុលា។

របាយការណ៍ចេញផ្សាយដោយសម្ព័ន្ធព្រៃឈើ និងហិរញ្ញវត្ថុនៃអង្គការមិនមែនរដ្ឋាភិបាល (Forest and Finance)​ ដែលជាអង្គការលើកម្ពស់តម្លាភាព គោលនយោបាយ ប្រព័ន្ធ និងបទប្បញ្ញត្តិក្នុងវិស័យហិរញ្ញវត្ថុ បានរកឃើញថា ហិរញ្ញវត្ថុដែលធ្លាក់ដល់ដៃក្រុមហ៊ុនទាំងនោះ បានកើនឡើងជាង ៦០ភាគរយ ឬ៤៧ប៊ីលានដុល្លារ ក្នុងចន្លោះឆ្នាំ២០២០ និង២០២១។

របាយការណ៍វិភាគនេះ បានចេញផ្សាយនៅមុនកិច្ចពិភាក្សាអំពីអាកាសធាតុសកល ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខ។​ ក្នុងកិច្ចប្រជុំសកលអាកាសធាតុនេះ នឹងមានប្រធានបទសំខាន់ៗ ដូចជា ការការពារព្រៃឈើ និងជីវចម្រុះសំខាន់ៗជាដើម។

ការសិក្សាបានរកឃើញថា ធនាគារបានបញ្ជូនហិរញ្ញវត្ថុប្រមាណ ២៦៧ប៊ីលានដុល្លារចូលទៅក្នុងក្រុមហ៊ុនវិនិយោគផលិតផលក្នុងវិស័យព្រៃឈើ ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុនៅក្នុងឆ្នាំ២០១៥។ ខណៈដែលអ្នកវិនិយោគកំពុងកាន់កាប់ភាគហ៊ុន និងប័ណ្ណ​​បំណុល ចំនួន៤០ប៊ីលានដុល្លារ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ។

លោក Tom Picken នាយកផ្នែកបណ្តាញសកម្មភាពព្រៃឈើនៃអង្គការ Forest and Finance បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយថា”ស្ថាប័នហិរញ្ញវត្ថុពិភពលោកពិតជាកំពុងបង្កើនការផ្តល់ប្រាក់កម្ចីរបស់ពួកគេ ដល់ឧស្សាហកម្ម ដែលជំរុញឲ្យមនុស្សជាតិធ្លាក់ចុះ។

ការវាយតម្លៃគោលនយោបាយនៃស្ថាប័នហិរញ្ញវត្ថុចំនួន២០០ ដែលជាប់ទាក់ទងនឹងក្រុមហ៊ុនផ្នែកព្រៃឈើ ឬជាក្រុមហ៊ុន ដែលបង្កហានិភ័យចំពោះព្រៃឈើនៅក្នុងតំបន់អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល បានរកឃើញថាមានជាង៥៩ភាគរយ ដែលទទួលបានពិន្ទុ ទាបជាង ១ក្នុងចំណោម១០ពិន្ទុ។ នេះគឺជាសញ្ញានៃ “ការបរាជ័យដ៏គួរឱ្យភ័យខ្លាច” ក្នុងការកាត់បន្ថយហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ជាឧទាហរណ៍ នៅឥណ្ឌូណេស៊ី ដែលជាប្រទេសអ្នកផលិតក្រដាសនៅអាស៊ីអាគ្នេយ៍ កំពុងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ ការណ៍នេះ បានជំរុញឲ្យព្រៃឈើ ដែលនៅសល់របស់ប្រទេសនេះ ស្ថិតនៅក្រោមសម្ពាធហានិភ័យ។ ចំណែកនៅប្រទេសប្រេស៊ីល របាយការណ៍បានរកឃើញថាឧស្សាហកម្មចិញ្ចឹមគោសាច់ បានរួមចំណែកដល់ទៅ ៨០ភាគរយនៃការកាប់ព្រៃឈើនៅអាម៉ាហ្សូន( Amazon) ចាប់តាំងពីឆ្នាំ១៩៨៥មក៕  ដោយ៖ យ៉ាន អាន/ CPA

ads banner