សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរាជទូតជប៉ុន
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ ឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមសង្ឃឹមថា សម្តេចប្រមុខរដ្ឋស្តីទីនឹងជួយគាំទ្រឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យមិនខាន។ ឯកឧត្តម បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា បើប្រៀបធៀបពីកាលដែលឯកឧត្តមធ្លាប់បានមកស្គាល់ប្រទេសកម្ពុជា ជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តមសងេ្កតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍ។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយជាមួយនឹងរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូលង់ណាស់មកហើយឱ្យកាន់តែរឹងមាំ រីកចម្រើនថែមទៀត។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម Mikami MASAHIRO ដែលត្រូវព្រះចៅអធិរាជនៃប្រទេសជប៉ុន តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅអធិរាជ និងអធិរាជនី ព្រមទាំងជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃប្រទេសជប៉ុន។
សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តពូនជ្រុំចំណងមិត្តភាព និងសហប្រតិបត្តិការ ដោយខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគវប្បធម៌ ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនដល់កម្រិតកំពូលឈានដល់ទំនាក់ទំនង”ដៃគូយុទ្ធសាស្រ្ត”។ ផ្តើមចេញពីទំនាក់ទំនងនេះ ប្រជាជន និងប្រទេសទំាងពីរ បាននឹងកំពុងរីករាយសាទរដ៏ក្លៀវក្លា ចំពោះសមិទ្ធផលជាច្រើនដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជា-ជន និងប្រទេសទាំងពីរ។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕ធ.ដ