ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ និងមន្ទីរក្រោមឱវាទ ត្រូវការមន្ត្រីក្របខ័ណ្ឌថ្មី១៥នាក់

សម្រាប់ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ ត្រូវការមន្ត្រីរាជការក្របខ័ណ្ឌថ្មីចំនួន១៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង និងនៅតាមមន្ទីរទេសចរណ៍ខេត្តមួយចំនួន ខណៈបេក្ខជនចូលរួមប្រឡងមានចំនួន៤១១នាក់។ ការប្រឡងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យបាក់ទូក ក្រោមការសហការរៀបចំ និងត្រួតពិនិត្រយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីនៃក្រសួងមុខងារសាធារណៈ។
ពិធីបើកការប្រឡងខាងលើ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ។

លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងនាថ្ងៃប្រឡងនោះ រួមមាន៖
* ថ្នាក់អនុបណ្ឌិត ១០រូប ស្រី២រូប (ទីស្តីការ០៨រូប ស្រី០១រូប និងមន្ទីរទេសចរណ៍០២រូប ស្រី០១រូប) ក្នុងនោះអនុបណ្ឌិតជំនាញទេសចរណ៍០១រូប នៅទីស្តីការក្រសួង។
* ថ្នាក់បរិញ្ញាបត្រ ៤០១រូប ស្រី ១៩៨រូប (ទីស្តីការ ២៨៤រូប និងមន្ទីរទេសចរណ៍១១៣រូប) ក្នុងនោះបរិញ្ញាបត្រជំនាញទេសចរណ៍១៥៤រូប ស្រី៧៥រូប (ទីស្តីការ ១២២រូប និងមន្ទីរទេសចរណ៍ ៣២រូប)។
មុនពេលបើកវិញ្ញាសារប្រឡង ឯកឧត្តម ទិត ចន្ថា និងឯកឧត្តម ជា បូរ៉ា បានបញ្ជាក់ដល់បេក្ខជនថា គណៈកម្មការ និងអនុគណៈកម្មការរៀបចំ ដែលទទួលខុសត្រូវការប្រឡងនេះ បានរៀបចំស្របតាមនីតិវិធី និងពង្រឹងការងារត្រួតពិនិត្យនៅពេលប្រឡង ក៏ដូចជាការកែសន្លឹកកិច្ចការយ៉ាងហ្មត់ចត់បំផុត ធ្វើយ៉ាងណាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ដើម្បីចម្រាញ់យកមន្ត្រីថ្មីប្រកបដោយសមត្ថភាពពិតប្រាកដ ដែលនឹងក្លាយទៅជាកម្លាំងជួយជំរុញការអភិវឌ្ឍជាតិ។ ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌក្រសួងទេសចរណ៍ ឆ្នាំ២០១៩នេះ ត្រូវបានចែកចេញជា០២វិញ្ញាសា គឺចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រយៈពេល២ម៉ោង និងភាសាអង់គ្លេស ឬភាសាចិន រយៈពេល១ម៉ោង៣០នាទី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner