ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD កំពុងត្រូវប៉ាន់

ចិន៖BYD Co ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនផ្នែកផលិតរថយន្តអគ្គិសនី បានបញ្ជាក់ថាប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣ទំនងជាកើនឡើងជាងបួនដង។ ជាការកើនឡើងដោយសារតែកំណើននៃការលក់រឹងមាំ និងគុណភាពផលិតផលកាន់តែប្រសើរដែលនាំឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើង។ខណៈក្រុមហ៊ុនតៃវ៉ាន់ឯណោះវិញ សម្រុកបង្ហាញបច្ចេកវិទ្យាថ្មីលើរថយន្តអគ្គិសនី។

ក្រុមហ៊ុនបានប៉ាន់ប្រមាណថាប្រាក់ចំណេញសុទ្ធសម្រាប់ខែកក្កដាដល់ខែកញ្ញាមានចន្លោះពី៧៦៥លានដុល្លារ ទៅ៨៣០លានដុល្លារ ឬបានន័យថាកើនឡើងរហូតដល់ ៣៣៣ភាគរយ ទៅ ៣៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ភាគហ៊ុនរបស់ក្រុមហ៊ុន BYD នៅហុងកុងបានកើនឡើង ៤ភាគរយនៅព្រឹកថ្ងៃអង្គារ ទី១៨​ ខែតុលា ខណៈភាគហ៊ុនរបស់ក្រុមហ៊ុននៅ Shenzhen បានកើនឡើង ៥ភាគរយ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានចំណែក ១៩ភាគរយជារបស់មហាសេដ្ឋីអាមេរិក​លោក Warren Buffett។

គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីក៏បានរួមចំណែកធ្វើឲ្យការលក់រថយន្តប្រភេទនេះ មានការកើនឡើងដែរ ជាពិសេសសម្រាប់ប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំលំដាប់ទី២លើពិភពលោក។ ការលក់រួមគ្នាលើប្រភេទរថយន្តផ្សេងៗរបស់ក្រុមហ៊ុន BYD ដែលមានដូចជារថយន្តអគ្គិសនីសុទ្ធនិងរថយន្តកូនកាត់បានកើនឡើង២៥០ភាគរយក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។

ចំណែកឯតៃវ៉ាន់វិញ! នៅថ្ងៃអង្គារ ទី១៨ ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់តៃវ៉ាន់គឺ Foxconn បានបញ្ចេញរថយន្តរចនាថ្មីចំនួនពីរម៉ូដែលបន្ថែមទៀត។ រថយន្តទាំងនេះគឺជាប្រភេទរថយន្តអគ្គិសនីគំរូ ដែលមានទាំងបែប ភីកអាប់(Pickup)ផង ខណៈដែលក្រុមហ៊ុននេះ អះអាងថានឹងចាប់ផ្តើមផលិតរថយន្ត ដែលបានរចនាហើយនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន Foxconn គឺជាក្រុមហ៊ុនទទួលផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំមួយរបស់ពិភពលោក ហើយក្រុមហ៊ុននេះក៏ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិត និងផ្គុំគ្រឿងអេឡិចត្រូនិកឱ្យក្រុមហ៊ុនផលិតទូរស័ព្ទអាមេរិក Apple។​

នារយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរដោយការធ្វើពិពិធកម្មលើសពីការផ្គុំគ្រឿងអេឡិចត្រូនិក និងចាប់ផ្តើមអាជីវកម្ម ដែលមានលក្ខណៈប្រកួតប្រជែង។ ប៉ុន្តែក្រុមហ៊ុននេះ ក៏បោះជើងចូលយ៉ាងឆាប់រហ័សក្នុងវិស័យរថយន្តអគ្គិសនី ដែលកាលពីឆ្នាំមុនក្រុមហ៊ុនបានបញ្ចេញរថយន្តគំរូចំនួនបីគ្រឿង៕ ដោយ៖ យ៉ាន អាន/ CPA

ads banner