ក្រសួងពាណិជ្ជកម្មបញ្ជេញស្បៀងជិត៥០០តោនចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ចកម្មឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានបញ្ចេញស្បៀងបម្រុងរបស់រដ្ឋសរុបជាអង្ករប្រមាណជិត៥០០តោននិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតយកចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តចំនួនប្រាំមួយ រួមមាន៖ កំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ បាត់ដំបងនិងឧត្តរមានជ័យ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហានិងផលប៉ះពាល់ដោយសារទឹកជំនន់។
ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍៖« ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ១២៤ អនក្រ.បកស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា»។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្មបង្ហាញថា ស្បៀងទាំងអស់បានចែកទៅខេត្តកំពង់ធំ ចំនួន ៧.៨២៥គ្រួសារ ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០គ្រួសារ ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ ខេត្តឧត្តរមានជ័យ ចំនួន ២៥០គ្រួសារ ខេត្តសៀមរាប ចំនួន ៥.៩១៤គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ)។សរុបរួម គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ក្រសួងពាណិជ្ជកម្មបានធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ខែតុលា ក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះដែលបណ្ដាលមកពីគ្រោះទឹកជំនន់។កិច្ចប្រជុំនោះធ្វើឡើងតាមវីដេអូខន់ហ្វើរែនដែលមានសមាសភាពចួលរួមពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត៕ ដោយ៖ វណ្ណ ស័ក្តិ