សិស្សនិទ្ទេស A ចំនួន៨នាក់ នៅខណ្ឌច្បារអំពៅ ទទួលបានរង្វាន់លើកទឹកចិត្តពី គណៈអភិបាលខណ្ឌ
ភ្នំពេញ៖ សិស្សនិទ្ទេស A ចំនួន៨នាក់ នៅខណ្ឌច្បារអំពៅ បានទទួលរង្វាន់លើកទឹកចិត្តពីគណៈអភិបាលខណ្ឌច្បារអំពៅ ក្រោយពីពួកគេបានប្រឡងទទួលជ័យលាភី ក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ ដែលម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ១គ្រឿង។
ក្នុងឱកាសជួបសំណេះសំណាលនាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ លោកអភិបាលខណ្ឌច្បារអំពៅ ចេង មុនីរ៉ា បានកោតសរសើដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលនិទ្ទេស A ហើយទាំងនេះ គឺវាផ្តើមចេញពីការខិតខំរបស់ប្អូនៗ និងពីការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បានល្អផងដែរ។ លោកអភិបាលខណ្ឌ បានបន្តថា ប្អូនៗទាំងអស់គ្នា គឺជានិមិត្តរូបរបស់ខណ្ឌ សម្រាប់ប្អូនៗជំនាន់ក្រោយ យកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឲ្យរៀនពូកែដូចពួកប្អូន ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនៗគឺជាធនធានមនុស្ស ដែលសង្គមត្រូវការបំផុត សូមប្អូនៗ និងក្មួយៗ ត្រូវប្រឹងប្រែងរៀនសូត្របន្ត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីលើកមុខមាត់ និងកិត្តយសរបស់គ្រួសារ ជាបន្តទៀត។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌច្បារអំពៅ សិស្សនិទ្ទេស A ចំនួន០៨រូបនេះ មកពីវិទ្យាល័យច្បារអំពៅ៤រូប សាលាប៊ែលធី១រូប និងសាលាវេស្ទឡាញ ចំនួន២រូប និងសាលាហ៊ែបភីចាន់ដារ៉ា១រូប។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានលើកឡើងផងដែរ ដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ និងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ ដោយសូមឲ្យប្អូនៗបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅមក ក្នុងការគោរពច្បាប់ចរាចរណ៍ យោគយល់ អធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ។ ជាពិសេស គឺបញ្ហាគ្រឿងញៀន សូមប្អូនកុំប្រើប្រាស់ឲ្យសោះ វានឹងទាញប្អូនៗ ឲ្យខូចអនាគត និងសង្គមអាប់អួរ ហើយសូមប្អូនៗ កុំអស់សង្ឃឹម គឺត្រូវបោះជំហានទៅមុខបន្តិចទៀត ប្អូននឹងដល់គោលដៅជាមិនខាន។ ប្អូនកុំគិតថា យើងជាកូនចៅអ្នកក្រ យើងគ្មានបក្សពួកខ្សែស្រឡាយ មិនអាចធ្វើការធំដុំបានឲ្យសោះ រាជរដ្ឋាភិបាល បានកំពុងផ្ដល់ឳកាសដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំងក្របខ័ណ្ឌរាជការ និងមុខងារនយោបាយ) តែប្អូនៗ គប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដទៃ ធ្វើឲ្យគេមានទំនុកចិត្តនោះ ឳកាសការងារតូចធំនឹងទទួលបាន៕ម.ន