ជប៉ុនប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ៊ុយក្រែនស្តារហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញ
កៀវ៖ ក្រសួងថាមពលរបស់អ៊ុយក្រែន បានបញ្ជាក់ថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នូវគ្រឿងបរិក្ខារទាក់ទងនឹងថាមពល ដែលត្រូវបានខូចខាតក្នុងអំឡុងការឈ្លានពានរបស់យោធារុស្ស៊ី។
ក្រសួងថាមពលរបស់អ៊ុយក្រែនបានប្រកាសក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែន លោក Matsuda Kuninori បានបង្ហាញពីឆន្ទៈរបស់ទីក្រុងតូក្យូ ក្នុងការជួយដល់រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Herman Halushchenko ក្នុងទីក្រុងកៀវ កាលពីថ្ងៃមុន។
បើតាមលោក Matsuda ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ឧបករណ៍ដើម្បីសាងសង់ឡើងវិញនូវគ្រឿងបរិក្ខារផ្គត់ផ្គង់អគ្គិសនីនានា។ ក្រសួងបន្ថែមថា លោក Matsuda ត្រូវបានជូនដំណឹងអំពីទំហំ នៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងស្ថានភាពនៃការងារស្តារឡើងវិញ។
ស្របពេលជាមួយគ្នានេះដែរ លោក Matsuda បានប្រាប់កាសែតជប៉ុន NHK ថា លោកនឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ុយក្រែន ដើម្បីប្រមូលព័ត៌មាន ក៏ដូចជាធ្វើការលម្អិតអំពីការគាំទ្រនេះ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




