មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យទៅព្យាបាលជំងឺនិងឧបត្ថម្ភអំណោយ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យ និងបានឧបត្ថម្ភស្បៀងអាហារ អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាជនក្រីក្ររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ១០០នាក់ នៅឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។

លោកស្រី ហុង ឡាំងហៀង អភិបាលរងស្រុកស្ទោង បានថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនិងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំក្រុមគ្រូពេទ្យមកព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យ ព្រមទាំងបាន ឧបត្ថម្ភអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនិងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅឃុំបន្ទាយស្ទោង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានណែនាំដល់កងទ័ព ឲ្យបម្រើប្រជាជន ដើម្បីប្រជាជន ពិសេសក្នុងពេលដែលប្រជាជនមានទុក្ខលំបាក ដោយរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងបានណែនាំដល់លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺជូនប្រជាជនដោយអស់ពីចិត្តពីថ្លើម អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់គ្រូពេទ្យ ផ្ដល់ថ្នាំសម្រាប់ព្យាបាលជំងឺ ជូនបងប្អូនប្រជាជនស្របតាមវិជ្ជាជីវៈនិងឆាប់បានជាសះស្បើយពីជំងឺផ្សេងៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាជន ដែលអញ្ជើញមកព្យាបាលជំងឺចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាននូវទឹកពិសាបរិសុទ្ធចំនួន១កេស មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួនមួយយួរ ផងដែរ៕
ដោយ ប៊ុន រដ្ឋា

ads banner