ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការ នៃគណៈលេខាជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅវិមាន ៧មករា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចំាការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅវិមាន៧មករា។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរ ឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរ ចំពោះការរីកចម្រើន ឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្ស និងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងមក ដូចជា ៖ កិច្ចសហប្រតិបត្តិការ ការពារជាតិ សេដ្ឋកិច្ច សន្តិសុខ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើង គួរឲ្យកត់សំគាល់ និងប្តេជ្ញាបន្តពង្រឹងពង្រីក ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទទៀត។
ភាគីទំាងពីរអះអាងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ បានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាព បន្តថែរក្សាទំនាក់ទំនងល្អរវាងអង្គការយុវជន នៃគណបក្សទាំងពីរ ជាពិសេស បណ្តាខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមក្នុងកិច្ចការតំបន់ និងពិភពលោក ៕ ដោយ វណ្ណលុក (រូបភាព សួង ពិសិដ្ឋ)

