អភិបាលខេត្តកំពង់ចាម ដាក់ផែនការពន្លឿន ឲ្យអ្នកទទួលការសាងសង់គម្រោងវិមានឯករាជ្យ រួចរាល់ នារយៈពេល ១៥ថ្ងៃទៀត
ខេត្តកំពង់ចាម ៖ នៅក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ វិមានឯករាជ្យ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈធភិបាល ខេត្តកំពង់ចាម បានដាក់ផែនការឲ្យអ្នកទទួលការសាងសង់គម្រោងវិមានឯករាជ្យឲ្យរួចរាល់ ក្នុងរយៈពេល ១៥ថ្ងៃទៀត ខណៈពេលដែលគិតមកដល់ពេលនេះ គម្រោងសម្រេចលទ្ធផលសាងសង់ បានប្រមាណជា ៩០%ហើយនោះ ។
ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា វិមានឯករាជ្យ ត្រូវតែសាងសង់ឲ្យរួចរាល់ទាំងប្រព័ន្ធ ទឹក ភ្លើង ក្នុងរយៈពេល ១៥ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះ ទៅដល់ត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ ។ ក្រៅពីនោះ យើងទុកពេលវេលា ៥ថ្ងៃ សម្រាប់ធ្វើការសម្អាត ដើម្បី ត្រៀមសម្ពោធ នាឱកាស នៃការប្រារព្ធបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ ជាមួយគ្នាតែម្ដង។
សូមរំលឹកផងដែរថា វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើង ដើម្បី ជាកន្លែងប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យ ពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ ។ ម្យ៉ាងទៀត ការកសាងសំណង់ មួយនេះ ក៏ជាការ ចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម ផងដែរ ដើម្បី ផ្ដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលដែលមកទស្សនាកំសាន្ត នៅទឹកដីខេត្តកំពង់ចាម ជាពិសេស ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អ ទៅដោយសួនច្បារ និងភ្លើងពណ៌ ដែលជាការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕ លី ពៅ

