មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងនូវការថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ថា ជាមេក្រុមឧទ្ទាម ពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់
ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងនូវការថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ថាជាមេក្រុមឧទ្ទាម ពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូកន្លងមកថ្មីៗនេះ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ នៅក្នុងពិធីដង្ហែរបុណ្យអង្គកឋិនសាមគ្គីមួយ វេរប្រគេនព្រះសង្ឃនៅវត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ។
ឯកឧត្តម បានបន្តថា មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងគាំទ្រឲ្យសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា រាល់សមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំ ស្រុក ខេត្តកំពង់ស្ពឺយើងនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់ជាលំដាប់។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេស នេះសបញ្ជាក់ឲ្យឃើញថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្ដាដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤៣ កន្លងមកនេះ។ ឯកឧត្តមបណ្ឌិត ផ្តាំផ្ញើដល់អាជ្ញាដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តចូលរួមថែ រក្សាការពារសុខសន្តិភាព និងកុំចាញ់ការញុះញង់ អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។
នៅក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងបុត្រ រួមជាមួយនាយទាហាន បញ្ជាការដ្ឋានអង្គរក្ស និងពុទ្ធបរិស័ទ បានវេរប្រគេនបច្ច័យ សង្កត់ត្រ័យសម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម វត្តត្រពាំងវែង មានចំនួន ៥០លានរៀល និងបច្ច័យ ១០០លានរៀល សម្រាប់កសាងអគារសិក្សា នៅក្នុងអនុវិទ្យាល័យវត្តត្រពាំងវែង។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះសង្ឃ ចែកជូនគណៈកម្មការអាចារ្យ សីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕ដោយ-រ៉ាវុធ



