ឆេះឃ្លាំងជួសជុលម៉ាស៊ីត្រជាក់ និងឃ្លាំងលក់រថយន្ត យ៉ាងសន្ធោសន្ធៅ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងជួសជុលម៉ាស៊ីនត្រជាក់ និងឃ្លាំងលក់រថយន្តមួយកន្លែងក្បែរស្ពានអាកាសផ្សារដីហុយ យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ចជួយអន្តរាគមន៍ ដោយហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅផ្សារឃ្លាំងជួសជុលម៉ាស៊ីនត្រជាក់ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ (ផ្លូវលេខ១០១៩) ខាងជើងស្ពានអាកាសផ្សារដីហ៊ុយ ជាង៣០០មែត្រ ស្ថិតនៅក្រុមទី០៨ ភូមិចុងផ្លូវខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ តុង ធូ ភេទប្រុស អាយុ៨៣ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើត។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងជួសជុលម៉ាស៊ីនត្រជាក់ ដែលមានទីតាំងជាប់ពីក្រោយ និងឃ្លាំងលក់រថយន្តលេខ 9A បានបង្កជាអគ្គីភ័យឆាបឆេះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការមិនឲ្យរាលដាលឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង៦និង៤០ នាទីយប់ ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន២៧គ្រឿង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ចំនួន២៤គ្រឿង ទើបអាចគ្រប់គ្រង់បានជាស្ថាពរ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងទំហំនៃការខូចខាតឆេះរថយន្តចំនួន០១គ្រឿង គ្រឿងម៉ាស៊ីនត្រជាក់អស់មួយចំនួន ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សរបួស ឬឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ៕ធ.ដ