រុស្ស៊ី និងអ៊ីរ៉ង់នៅតែបដិសេដ ទោះបីជាលោកខាងលិចត្រៀមដាក់ទណ្ឌកម្មថ្មីចំពោះការប្រើយន្តហោះដ្រូនវាយប្រហារលើអ៊ុយក្រែន
អ.ស.ប៖ ប្រទេសរុស្ស៊ី ក្នុងថ្ងៃពុធសប្តាហ៍នេះ បានព្រមានអង្គការសហប្រជាជាតិ កុំឱ្យស៊ើបអង្កេតការវាយប្រហារដោយយន្តហោះដ្រូនដែលផលិតដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយចូលរួមជាមួយទីក្រុងតេអេរ៉ង់ ក្នុងការបដិសេធស្វែងរកប្រភពដើមនៃអាវុធ ខណៈដែលសហភាពអឺរ៉ុបបានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត។
សហរដ្ឋអាមេរិក បារាំង និងអង់គ្លេសបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខបិទទ្វារមួយ ស្តីពីការចោទប្រកាន់ថា ការលក់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី ដែលពួកគេពិពណ៌នាថា ជាការរំលោភលើការរឹតបន្តឹងអាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់។
សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកទាំងពីរ បានបញ្ជាក់ថា ពួកគេមានភស្តុតាងដែលថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូន Shahed-136 ដែលមានតម្លៃទាប និងផ្ទុះនៅពេលចុះចត ហើយត្រូវបានស្តីបន្ទោសចំពោះការស្លាប់មនុស្សចំនួន ៥នាក់កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីកៀវ ក៏ដូចជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនផងដែរ។
ជាការឆ្លើយតប ប្រេសិតអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ លោក Amir Saeid Iravani បានច្រានចោលការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់ លើការផ្ទេរយន្តហោះដ្រូន ហើយថា អ៊ីរ៉ង់ដែលបានបដិសេធការបោះឆ្នោតលើសង្គ្រាមអ៊ុយក្រែន ចង់បានដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់ជម្លោះនេះ។ ចំណែកអ្នកការទូតរុស្ស៊ី លោក Dmitry Polyanskiy បានបរិហារការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងទ្រឹស្តីសមគំនិត។
លោកបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខថា យន្តហោះដ្រូនដែលប្រើដោយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី… ខ្ញុំសូមផ្តល់អនុសាសន៍ថា អ្នកកុំមើលស្រាលសមត្ថភាពបច្ចេកវិទ្យា នៃឧស្សាហកម្មយន្តហោះដ្រូនរបស់រុស្ស៊ី។
ស្របពេលជាមួយគ្នានេះដែរ លោក Polyanskiy ក៏បានព្រមានប្រឆាំងនឹងការស៊ើបអង្កេតណាមួយរបស់អង្គការសហប្រជាជាតិនៅលើមូលដ្ឋានក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃការអនុវត្តទណ្ឌកម្មដែលមានស្រាប់លើអ៊ីរ៉ង់ផងដែរ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា