លោក ពូទីន ជំរុញឱ្យកងទ័ពរុស្ស៊ីទាំងអស់ប្រឹងប្រែងធ្វើសង្គ្រាម ខណៈលោកប្រកាសច្បាប់អាជ្ញាសឹកក្នុងតំបន់ទាំងបួនរបស់អ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំងបួនរបស់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីខែមុន ប៉ុន្តែកំពុងតស៊ូការពារពីការវាយបករបស់កងកម្លាំងអ៊ុយក្រែន។

សភាជាន់ខ្ពស់របស់រុស្ស៊ី នឹងអនុម័តយ៉ាងឆាប់រហ័សនូវការសម្រេចចិត្តរបស់ លោក ពូទីន ក្នុងការដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួននេះ។ សេចក្តីព្រាងច្បាប់ណែនាំថា វាអាចពាក់ព័ន្ធនឹងការរឹតបន្តឹងលើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរ៉ឹងក៏ដូចជាការផ្តល់អំណាចកាន់តែទូលំទូលាយសម្រាប់ភ្នាក់ងារអនុវត្តច្បាប់។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន លោក ពូទីន បានបង្កើនអំណាចសន្តិសុខរបស់អភិបាលតំបន់ទាំងអស់របស់រុស្ស៊ី ហើយបានបញ្ជាឱ្យបង្កើតក្រុមប្រឹក្សាសម្របសម្រួលពិសេសមួយ ស្ថិតក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល មិនត្រឹមតែភ្នាក់ងារសន្តិសុខឯកទេសប៉ុណ្ណោះទេ ត្រូវតែត្រៀមលក្ខណៈដើម្បីគាំទ្រនូវអ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន។

ទោះជាយ៉ាងណាភ្លាមៗនេះ លោក ពូទីន មិនបានបញ្ជាក់ពីវិធានការដែលនឹងត្រូវអនុវត្តក្រោមច្បាប់អាជ្ញាសឹកទេ ប៉ុន្តែបញ្ជារបស់គាត់មានប្រសិទ្ធភាពចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner