លោក បៃដិន ថា លោក ពូទីន កំពុងព្យាយាមបំភិតបំភ័យអ៊ុយក្រែន តាមរយៈការដាក់ច្បាប់អាជ្ញាសឹក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹក ក្នុងថ្ងៃពុធសប្តាហ៍នេះ នៅតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានបញ្ចូលជាឧបសម្ព័ន្ធដោយខុសច្បាប់ ខណៈដែលកងទ័ពអ៊ុយក្រែនបន្តការវាយបកឥតឈប់ឈររបស់ពួកគេ ដើម្បីរក្សាការគ្រប់គ្រងលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។
លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ខ្ញុំគិតថា លោក វ្ល៉ាឌីមៀ ពូទីន មើលឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពលំបាកមិនគួរឱ្យជឿ ហើយអ្វីដែលវាឆ្លុះបញ្ចាំងមកកាន់ខ្ញុំ នោះគឺវាហាក់បីដូចជាឧបករណ៍តែមួយគត់របស់គាត់ ដែលមានសម្រាប់គាត់ នោះគឺការធ្វើបាបពលរដ្ឋម្នាក់ៗនៅអ៊ុយក្រែន តាមរយៈការព្យាយាមគំរាមបន្លាចពួកគេឱ្យមានការបំភិតបំភ័យ។
លោក ពូទីន បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីអ្វីដែលច្បាប់អាជ្ញាសឹកនឹងរួមបញ្ចូល ក្នុងនោះមានដូចជាការរឹតបន្តឹងលើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង និងផ្តល់សិទ្ធិអំណាចកាន់តែទូលំទូលាយសម្រាប់ភ្នាក់ងារអនុវត្តច្បាប់។ ទន្ទឹមគ្នា លោក ចូ បៃដិន បានហៅយុទ្ធសាស្ត្រនេះថា ជាការប៉ុនប៉ងបំភិតបំភ័យដោយលោក ពូទីន ដែលនេះជា ឧបករណ៍តែមួយគត់ដែលមានសម្រាប់គាត់ និងថា វានឹងមិនដំណើរការទេ៕ ប្រភព៖ USA TODAY ដោយ៖ ទីណា និងបុត្រា



