រុស្ស៊ីស្នើឱ្យហ្វីលីពីនគោរពតាមកិច្ចព្រមព្រៀងបញ្ជាទិញឧទ្ធម្ភាគចក្រ
ម៉ានីល៖ រុស្ស៊ីចង់ឱ្យរដ្ឋាភិបាលហ្វីលីពីនគោរពកិច្ចសន្យា ដែលបានចុះហត្ថលេខាលើការបញ្ជាទិញឧទ្ធម្ភាគចក្រយោធាចំនួន ១៦គ្រឿង ដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានលុបចោល ដោយសារតែភ័យខ្លាចជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងម៉ានីល លោក Marat Pavlov បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា រដ្ឋាភិបាលហ្វីលីពីនមិនបានជូនដំណឹងជាផ្លូវការ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការលុបចោលកិច្ចព្រមព្រៀងនេះទេ ហើយក្រុមហ៊ុនរុស្ស៊ីមួយកំពុងដំណើរការផលិតឧទ្ធម្ភាគចក្រ Mi-17 បន្ទាប់ពីហ្វីលីពីនបានបង់ប្រាក់ដំបូង។
លោកថា អ្នកបើកយន្តហោះហ្វីលីពីន ដែលនឹងដំណើរការឧទ្ធម្ភាគចក្រនោះ ក៏បានឆ្លងកាត់ការហ្វឹកហ្វឺនពីរុស្ស៊ីផងដែរ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះបន្ថែមថា ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែកចាយឧទ្ធម្ភាគចក្រក្នុងខែមិថុនា ប៉ុន្តែជាអកុសល វាមិនត្រូវបានទទួលយកដោយរដ្ឋាភិបាលហ្វីលីពីនទេ។
យ៉ាងណាមិញ នៅពុំទាន់មានការអត្ថាធិប្បាយភ្លាមៗណាមួយពីរដ្ឋាភិបាលហ្វីលីពីន ដែលឥឡូវនេះដឹកនាំដោយលោកប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ប៉ុន្តែក្រសួងការពារជាតិបានបញ្ជាក់ថា បន្ទាប់ពីការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងបញ្ជាទិញឧទ្ធម្ភាគចក្ររុស្ស៊ីត្រូវបានធ្វើឡើង គណៈកម្មាធិការរដ្ឋាភិបាលមួយ នឹងត្រូវបានកោះប្រជុំ ដើម្បីពិនិត្យព័ត៌មានលម្អិត ហើយប្រមូលប្រាក់ ដែលមិនបានបញ្ជាក់យកមកវិញ ដែលបានបង់ដោយរដ្ឋាភិបាលហ្វីលីពីនទៅឱ្យក្រុមហ៊ុនរុស្ស៊ី៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា



