នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ៨នាក់ បន្ទាប់ពីប្រើប្រាស់កាំបិត និងដាវកែច្នៃកាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន និងចាប់កោសក់ហើយ បង្ហាញមុខ ជាសាធារណ: កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបានប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស បន្ទាប់ពីប្រើប្រាស់កាំបិត និងដាវកែច្នៃកាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើមាន ១-ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក។ ២-ឈ្មោះ ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ។ ៣- ឈ្មោះ ឌីណា បញ្ញារិទ្ធអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ៤-ឈ្មោះ លឹម ឈាង លី អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជម្ពូវ័ន។ ៥-ឈ្មោះ ហេង ជាដាវីត អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ។ ៦-ឈ្មោះ ឌីណា ហ្គាណាន់អាយុ ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យជាស៊ីមសាមគ្គី។ ៧-ឈ្មោះ ងឿ សេម អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ។ និង៨-ឈ្មោះ ហួត សំណាងអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ អូរបែកក្អម។ ចំណែកឯ ជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទប្រុសអាយុ១៩ឆ្នាំ មានលំនៅផ្ទះជួលផ្លូវរថភ្លើង ភូមិទី១៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក បានរងរបួសធ្ងន់ ត្រូវដៃនិងរយះក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរចិន ព្រះកុសុះមះ។
លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង របស់លោកស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមជនសង្ស័យ មានបក្សពួក ចំនួន ១៣នាក់បានប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងត្រួតគ្នាកាប់និងវាយ ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសធ្ងន់នៅចំណុច មុខអាគារអ៊ីដេនហ្គាដេន តាមផ្លូវលេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកនាយការិយាល័យ បន្តឱ្យដឹងទៀតថា នៅវេលារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ខណះពេល ដែល ជនរងគ្រោះ រួមទាំងមិត្តភក្កិចំនួន៨នាក់ ជិះម៉ូតូ ចំនួន ៤គ្រឿងតាមដងផ្លូវ ក៏ស្រាប់តែជនសង្ស័យ ដែលមានគ្នាចំនួន១៣នាក់ ជិះម៉ូតូចំនួន៥គ្រឿង បានមកដល់ និងនាំគ្នាដេញកាប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។ បន្ទាប់ពីបានប្រើហឹង្សារួច ជនដៃដល់បានគេចខ្លួនបាត់អស់ ហើយខាងស្រ្តីជាម្តាយ យុវជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង ហើយខាងកម្លាំងសមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានដាវកែច្នៃចំនួន១, កាំបិតប៉័ងតោចំនួន២, និងដំបងគ្រលាស់ចំនួន១, ហើយធ្វើការង្ហាញមុខនៅពេលនេះ មុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី

